ប្រព័ន្ធលូររំដោះទឹកភ្លៀងប្រវែងជាង ២គីឡូម៉ែត្រ ក្នុងឃុំវាលរេញ ស្រុកព្រៃនប់ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមជំនួយរបស់អង្គការ UN-Habitat ប្រចាំនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ: អភិបាល ខេត្តព្រះសីហនុ និងឯកឧត្តម គាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងលោកស្រី អូឌីសៀ អាជីឡូ បារីហ្យ (Odicea Angelo Barrios) ប្រធានកម្មវិធីអង្គការ UN-Habitat ប្រចាំនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានអញ្ជើញសម្ពោធប្រព័ន្ធលូររំដោះទឹកភ្លៀងប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ នារសៀលថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥។

លោកស្រី អូឌីសៀ អាជីឡូ បារីហ្យ ប្រធានកម្មវិធីអង្គការ UN-Habitat ប្រចាំនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា យើងបានប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីតាមបែបធម្មជាតិមានដូចជា របាំងស្ទាក់ចាប់សំរាម ផ្លូវបេតុងអមប្រព័ន្ធលូ និងការស្ថាប្រឡាយធម្មជាតិមួយចំនួននៅក្នុងស្រុកព្រៃនប់ គឺជាជំហានសំខាន់នៃការកសាងភាពធន់របស់ទីប្រជុំជន និងការប្រែប្រួលអាកាសធាតុ ហើយលោកស្រីសង្ឃឹមថា ហេដ្ឋារចនាសម្ព័ន្ធនេះជួយដល់ស្រុកព្រៃនប់ ទី១.ការពារទីប្រជុំជនវាលរេញ សម្រាប់អាជីវករក្នុងផ្សារ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ទទួលបានសុវត្ថិភាពទាំងអស់គ្នា ដូច្នេះអាជីវករផ្សារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវកុំឱ្យមានការហូចូលកកស្ទះប្រព័ន្ធលូ ព្រោះប្រព័ន្ធលូនេះវាមិនត្រឹមតែជួយស្រាយផ្នែកបច្ចេកទេសនោះទេ វាជាមូលដ្ឋានក្នុងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុខណ:ដែលប្រទេសកម្ពុជាប្រឈមទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាការកើនឡើកម្ពស់ទឹកសមុទ្រ ការកើននូវកម្តៅ ហើយការវិនិយោគ ទៅលើហេដ្ឋារចនាសម្ព័ន្ធពិតជាមានសារសំខាន់ណាស់ ព្រោះវាការពារអាយុជីវិត និងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ដូចនេះហើយសូមអគុណក្រសួងបរិស្ថាន រដ្ឋបាលខេត្ត អាជ្ញាធរស្រុកព្រៃនប់ និងប្រជាពលរដ្ឋគាំទ្រគម្រោងនេះ ចាប់ពីដំណើការ រហូតគម្រោងត្រូវបានបញ្ចប់នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។

ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិផ្នែកលំនៅដ្ឋានរយៈពេល ៤ឆ្នាំកន្លងមកនេះ ទទួលបានផ្លែផ្កាជាច្រើនជួយប្រជាពលរដ្ឋខេត្តកែប និងខេត្តព្រះសីហនុ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ វាជារឿងសកលរបស់យើងទាំងអស់គ្នា កម្ពុជាក៏រងផលប៉ះពាល់ ជាពិសេសខេត្តតំបន់ឆ្នេរ ព្រោះការប្រែប្រួលអាកាសធាតុមិនមានការកំណត់នោះទេ វាតែងតែកើតមានឡើងដោយធម្មជាតិជារាងរាល់ឆ្នាំមានដូចជា ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួតជាដើម ក្នុងក្របខណ្ឌក្រសួងបរិស្ថានបានធ្វើការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាបាលបញ្ចាកោណតំណាក់កាលទី១  ផ្តោតសំខាន់ទៅនឹងការប្រែប្រួលអាកាសធាតុ ភាពស្អាតបៃតង និងចេរភាព ក្នុងនាមភាពជាដៃគូរសម្រាប់លំនៅដ្ឋាន យើងបានធ្វើការងារច្រើនឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ ហើយ សមិទ្ធិផលដែលយើងទទួលបាននាថ្ងៃនេះ ជាការចូលរួមចំណែកក្នុងការកាត់បន្ថយនូវជំនន់ទឹកភ្លៀងនៅក្នុងឃុំវាលរេញ ស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ។

នាឱកាសនោះឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណក្រសួងបរិស្ថាន និងអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat) បានជ្រើសរើសយកខេត្តព្រះសីហនុ អនុវត្តគម្រោងដ៏មានសារសំខាន់នេះទទួលបានជោគជ័យ និងក្លាយជាគំរូល្អសម្រាប់កិច្ចគាំពារបរិស្ថានគ្រប់គ្រងតំបន់ឆ្នេរ និងសមុទ្រខេត្តព្រះសីហនុ សម្រាប់ប្រទេសកម្ពុជា ហើយគម្រោងនេះបានអនុវត្តក្នុងឃុំចំនួន៧ នៃស្រុកព្រៃនប់ រួមមាន៖ ឃុំវាលរេញ ព្រៃនប់ ទួលទទឹង សំរុង ទឹកល្អក់ ទឹកថ្លា សាមគ្គី និងសង្កាត់អូរឧកញ៉ាហេង ក្នុងក្រុងកំពង់សោម ដែលមានអ្នកទទួលផលប្រមាណ ៣៤.៥០០នាក់ ។ ឯកឧត្តម បានថ្លែងអំណគុណអង្គការ UN-Habitat ដែលបានជួយកសាងដូចជា ១.ការសាងសង់ប្រព័ន្ធលូបង្ហូរទឹកភ្លៀងប្រវែងជាង ២គីឡូម៉ែត្រ នៅក្នុងឃុំវាលរេញ ជួយសម្រួលដល់ការបង្ហូរទឹកភ្លៀងបានប្រសើរឡើង និងកាត់បន្ថយហានិភ័យពីទឹកជំនន់ក្នុងតំបន់។ ២.ការសាងសង់ផ្ទះគំរូធន់នឹងការប្រែប្រួលធាតុអាកាសចំនួន ១១ខ្នង សម្រាប់គ្រួសារក្រីក្រងាយរងគ្រោះ និងបណ្តុះបណ្តាលជាងក្នុងសហគមន៍អំពីបច្ចេកទេសសង់ផ្ទះ។ ៣.ការជួសជុលទ្វារទឹកព្រែកខ្មែរ និងដំឡើងឧបករណ៍វាស់កម្ពស់ទឹករលក ដើម្បីតាមដានកម្ពស់ទឹកសមុទ្រ សីតុណ្ហភាព ផ្សព្វផ្សាយដល់សហគមន៍អំពីគ្រោះហានិភ័យធម្មជាតិ។ ៤.តំឡើងឧបករណ៍ព្យាករណ៍អាកាសធាតុនៅមុខសាលាឃុំទឹកល្អក់ ដើម្បីផ្តល់ទិន្នន័យអាកាសធាតុ និងភាពសុក្រឹត្យនូវព័ត៌មានធាតុអាកាសប្រចាំថ្ងៃ។ ៥.ការអភិរក្ស ស្តារព្រៃកោងកាងឡើងវិញក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រ (MFMA) ព្រែកកំពង់ស្មាច់ ដាំស្ដារកូនកោងកាងលើផ្ទៃដីជាង ៦០ហិកតា បោះបង្គោលព្រំចំនួន ១០០បង្គោល រៀបចំថ្នាលបណ្តុះកូនកោងកាង និងធ្វើការល្បាត  (ដោយប្រើប្រព័ន្ធ Smart Phone) ជាប្រចាំទទួលបានលទ្ធផលល្អ៕