ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារផ្លូវការ ជាការត្រួសត្រាយផ្លូវឱ្យផល ផលិតផលជលផលកម្ពុជា បង្ហាញវត្តមាននៅលើទីផ្សារអន្តរជាតិ

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) កំពុងបោះជំហានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ហើយគម្រោងមួយនេះ សម្រេចបានវឌ្ឍនភាព គួរឱ្យកត់សម្គាល់ក្នុងការបង្កើត និងដាក់ឱ្យអនុវត្តនូវប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារផ្លូវការដ៏រឹងមាំមួយផ្តើមចេញពីវិស័យជលផល។ ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FiA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអង្គការ UNIDO គម្រោងនេះមានសុខុមុមនីយកម្មទៅនឹងស្តង់ដារសុវត្ថិភាពម្ហូបអាហារអន្តរជាតិ ដែលនេះជាការត្រួសត្រាយផ្លូវឱ្យផល ផលិតផលជលផលកម្ពុជា បង្ហាញវត្តមាននៅលើទីផ្សារអន្តរជាតិបានកាន់តែទូលំទូលាយ និងរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។
គម្រោងបានគាំទ្រលើការរៀបចំបង្កើត និងដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យផ្លូវការសម្រាប់ផល ផលិតផលជលផលកម្ពុជា រួមទាំងគោលការណ៍ណែនាំបច្ចេកទេសមួយចំនួនផ្សេងទៀត ដើម្បីលើកកម្ពស់ការធានាគុណភាពសម្រាប់ឧស្សាហកម្មនេះ។ ជាលទ្ធផល សហគ្រាសជលផលកម្ពុជាចំនួន ២២ បានទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ដែលបង្កើនជំនឿទុកចិត្តរបស់អ្នកបរិភោគ សម្រាប់ទីផ្សារទាំងក្នុង និងក្រៅស្រុក។ លើសពីនេះ សហគ្រាសចំនួនប្រាំបួន កំពុងប្រើប្រាស់ប្រព័ន្ធអង្កេតដានឌីជីថល CamTrace ស្របតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារអង្កេតដានអន្តរជាតិ។
កិច្ចការសំខាន់ចំពោះមុខនាពេលនេះ គឺការត្រៀមលក្ខណៈសម្រាប់សវនកម្មពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG SANTE) នៃសហភាពអឺរ៉ុប ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៦ ដើម្បីសម្រួលដល់ការចុះបញ្ជីសហគ្រាសជលផលកម្ពុជាក្នុងការនាំចេញទៅកាន់សហភាពអឺរ៉ុប។ FiA ក៏កំពុងបន្តពិភាក្សាលើការចុះហត្ថលេខាសម្រាប់អនុស្សរណៈនៃការយោគយល់ ជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់។
ទោះបីជាគម្រោងបញ្ចប់ក៏ដោយ កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់អនុលោមភាពសុវត្ថិភាពម្ហូបអាហារក្នុងវិស័យកែច្នៃជលផល និងការត្រៀមខ្លួនសម្រាប់នាំចេញនឹងនៅតែបន្ត។ ដោយផ្តោតការយលចិត្តទុកដាក់លើកត្តានេះ កម្ពុជាអាចនឹងក្លាយជាប្រទេសនាំមុខគេក្នុងតំបន់លើការគ្រប់គ្រងជលផលប្រកបដោយទំនួលខុសត្រូវ៕