ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Sirajudeen ធុរជនជនជាតិឥណ្ឌា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួននៅបន្ទប់សវនការនាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៦។
នៅក្នុងជំនួបសវនាការនេះ ផ្ដោតលើការងារអភិវឌ្ឍន៍ទេសចរណ៍ និងវិនិយោគ ដោយឯកឧត្ដមបណ្ឌិត ថោង ខុន ក៏បានស្នើសុំឱ្យលោក Sirajudeen ជួយគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡា ជាពិសេសកីឡាគ្រិកឃីតដែលប្រទេសឥណ្ឌាមានភាពល្បីល្បាញ និងសម្បូរធនធាន។
ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ស្នើសុំឱ្យលោក Sirajudeen ពិនិត្យលើការជួយគាំទ្រ និង អភិវឌ្ឍ ក៏ដូចជាបណ្ដុះបណ្ដាលក្រុមជម្រើសជាតិ និងជួយគាំទ្រសហព័ន្ធដើម្បីអភិវឌ្ឍធនធានកីឡាករ និងក្រុម ក្នុងត្រៀមចូលរួមវគ្គជម្រុះយកកៅអីប្រកួតកីឡាអូឡាំពិក ឆ្នាំ ២០២៨ នៅសហរដ្ឋអាមេរិក។
ជាការឆ្លើយតប លោកបណ្ឌិត Sirajudeen បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការជួយជ្រោមជ្រែង ដោយទាក់ទងទៅខាងភាគីឥណ្ឌាលើការបញ្ជូនអ្នកជំនាញ និងគាំទ្រសហព័ន្ធក្នុងការអភិវឌ្ឍធនធានកីឡាករ និងបច្ចេកទេសកីឡាគ្រិកឃីត។ លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា សប្ដាហ៍ក្រោយលោកនឹងអញ្ជើញអ្នកជំនាញកីឡាគ្រិកឃីតមកពីប្រទេសឥណ្ឌាដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជានិង ពិនិត្យលើកិច្ចសហប្រតិបត្តិការនេះ៕



