ប្រធានាធិបតីឥណ្ឌូណេស៊ីធ្វើទស្សនកិច្ចនៅប្រទេសថៃមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំមកនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិពិសេសរួមគ្នា

ប្រទេសឥណ្ឌូនេស៊ី និងថៃបានចុះកិច្ចព្រមព្រៀងជាមួយគ្នានៅថ្ងៃច័ន្ទនេះដើម្បីលើកកំពស់ទំនាក់ទំនងរបស់ពួកគេក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអំឡុងពេលនៃដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសថៃរបស់លោកប្រធានាធិបតីឥណ្ឌូនេស៊ីមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំនេះ។ ប្រធានាធិបតីឥណ្ឌូណេស៊ី និងលោកស្រីនាយករដ្ឋមន្ត្រីថៃបានព្រមព្រៀងគ្នាក្នុងកិច្ចការជំរុញលើវិស័យពាណិជ្ជកម្ម និងការវិនិយោគកាន់តែច្រើនរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto ត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra ក្រោមតំណក់ភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅឯវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក។ តាមប្រពៃណីមេដឹកនាំទាំងពីរត្រូវដើរត្រួតពលដោយឆ្មាំកិត្តិយស មុនពេលធ្វើដំណើរទៅកាន់បរិវេណខាងក្នុង និងដើម្បីជួបពិភាក្សាទ្វេភាគីអំពីអនាគតនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ បើតាមលោកស្រីនាយករដ្ឋមន្ត្រីថៃបានឲ្យដឹងថាវិស័យពាណិជ្ជកម្មរវាងប្រទេសថៃ និងឥណ្ឌូណេស៊ីកាលពីឆ្នាំមុនមានចំនួនដល់ទៅ១៨ប៊ីលានដុល្លារអាមេរិក ដែលភាគីទាំងពីរសង្ឃឹមថានឹងអាចរកឃើញនូវការរីកចម្រើនតាមរយៈការវិនិយោគរួមគ្នាទៅវិញទៅមក។ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលលើវិស័យមួយចំនួនដែររួមទាំងវិស័យការពារ ការគ្រប់គ្រងជំងឺឆ្លង និងទេសចរណ៍វេជ្ជសាស្រ្តជាដើម។ ទន្ទឹមនឹងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាសន្តិសុខរួមគ្នាថែមទៀតផង៕

សម្រួលអត្ថបទ៖ សុផារិន្ទ