ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងទៅទស្សនកិច្ចនៅប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះ!ដើម្បីពិភាក្សាលើបញ្ហាទិញលក់ប្រេងអំឡុងពេលអាម៉េរិកកំពុងដាក់គំនាបពន្ធគយ

ប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងទៅកាន់ប្រទេសឥណ្ឌាហើយនៅសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំកំពូលមួយក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការពារជាតិ និងថាមពល ដែលជាដំណើរទស្សនកិច្ចមួយដែលវានឹងក្លាយជាស្ថានភាពសាកល្បងក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុង New Delhi ក្នុងការធ្វើឱ្យមានតុល្យភាពរវាងទំនាក់ទំនងជាមួយទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោនដែរ ខណៈដែលសង្គ្រាមនៅអ៊ុយក្រែនកំពុងបន្តនៅឡើយ។ លោក Vladimir Putin គ្រោងនឹងមកដល់ទីក្រុង New Delhi សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនៅថ្ងៃព្រហស្បតិ៍នេះ និងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅថ្ងៃសុក្រនេះដែរ។ មេដឹកនាំទាំង២ត្រូវបានគេរំពឹងថានឹងចូលរួមពិនិត្យឡើងវិញនូវវឌ្ឍនភាពលើទំនាក់ទំនងទ្វេភាគី ពិភាក្សាអំពីបញ្ហាដែលមានផលប្រយោជន៍រវាងគ្នាទៅវិញទៅមក និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរក្រសួង និងពាណិជ្ជកម្មរបស់រដ្ឋាភិបាលទាំងពីរដែលធ្លាប់បានលើកឡើង។ ប្រទេសឥណ្ឌាបានបន្តទិញប្រេងរុស្ស៊ីដែលមានការបញ្ចុះតម្លៃ ទោះបីជាមានការព្រមានពីទីក្រុងវ៉ាស៊ីនតោនថា ទាំងនេះកំពុងរក្សាប្រាក់ចំណូលរបស់ទីក្រុងមូស្គូឱ្យនៅដដែល ហើយ និងដើម្បីផ្តល់មូលនិធិជាពិសេសដល់សង្គ្រាមនៅលើទឹកដីអ៊ុយក្រែនក៏ដោយ។ ប្រធានាធិបតីអាមេរិក Donald Trump កន្លងទៅបានដាក់សម្ពាធពន្ធគយបន្ថែម 25% លើការនាំចូលរបស់ឥណ្ឌា និងបង្កើនពន្ធគយសរុបរហូតដល់ ៥០% ថែមទៀតក្នុងចេតនាសងសឹក។ ប្រទេសឥណ្ឌាបានការពារនូវការនាំចូលរបស់ខ្លួនថា វាមានសារៈសំខាន់សម្រាប់ការបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងរបស់ប្រជាជន ១,៤ ប៊ីលាននាក់របស់ខ្លួនដែរ។ កិច្ចប្រជុំកំពូលឥណ្ឌា-រុស្ស៊ី នឹងធ្វើឡើង ខណៈដែលសហរដ្ឋអាមេរិកបន្តជំរុញផែនការសន្តិភាពនៅអ៊ុយក្រែន និងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយពីដៃគូសំខាន់ៗនៅលើពិភពលោក។ ផែនការសន្តិភាពរបស់លោក Trump បានបង្កឱ្យមានក្តីព្រួយបារម្ភថា ពិភពលោកកំពុងតែខ្វះតម្លាភាពសម្រាប់ទីក្រុងមូស្គូខ្លាំងពេក ហើយសំណើនេះត្រូវបានកែសម្រួលបន្ទាប់ពីមន្ត្រីសហរដ្ឋអាមេរិក និងអ៊ុយក្រែនបានជួបគ្នានៅទីក្រុងហ្សឺណែវកាលពីជាងមួយសប្តាហ៍មុន។ លោក Modi បានព្យាយាមបញ្ចៀសនូវការថ្កោលទោសពីរុស្ស៊ីចំពោះការប្រយុទ្ធគ្នានៅអ៊ុយក្រែន ខណៈពេលដែលឥណ្ឌាសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការដោះស្រាយដោយសន្តិវិធីច្រើនជាង។ អ្នកវិភាគជឿជាក់ថា ប្រទេសឥណ្ឌាបានជៀសវាងនូវការដើរតួនាទីសម្របសម្រួលដោយបើកចំហ ពីព្រោះវាអាចធ្វើឱ្យកាន់តែស្មុគស្មាញដល់ទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ីផង និងសហរដ្ឋអាមេរិកផង ប៉ុន្តែលោក Modi និយាយថាវាអាចនឹងចូលរួមកិច្ចពិភាក្សាកាទូតច្រើនជាង ឬ “នៅពីក្រោយឆាក” ច្រើនជាងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោក Putin មកកាន់ប្រទេសឥណ្ឌា។ មេដឹកនាំរុស្ស៊ីរូបនេះធ្លាប់បានទៅទស្សនាប្រទេសឥណ្ឌាចុងក្រោយក្នុងឆ្នាំ ២០២១ ខណៈពេលដែលលោក Modi ធ្លាប់ទៅទស្សនាទីក្រុងមូស្គូកាលពីឆ្នាំមុនដែរ។ មេដឹកនាំទាំងពីរបានជួបគ្នាមួយរយៈពេលខ្លីនេះដែរ កាលពីខែកញ្ញានៅប្រទេសចិនអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ ឬ SCO៕

សម្រួលអត្ថបទ៖ សុផារិន្ទ