ប្រធានាធិបតីបារាំង Emmanuel Macron មកដល់ Jakarta ក្នុងទស្សនកិច្ចផ្លូវរដ្ឋ បន្ទាប់ពីមេដឹកនាំឥណ្ឌូណេស៊ីបញ្ចប់កិច្ច ប្រជុំកំពូលអាស៊ាន

ប្រធានាធិបតីបារាំង Emmanuel Macron និងស្រ្តីទីមួយបារាំងលោកស្រី Brigitte Macron បានមកដល់ទីក្រុង Jakarta នៅព្រឹកថ្ងៃពុធនេះដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ពួកគេទៅកាន់ប្រទេសឥណ្ឌូណេស៊ី។ ស្ថិតក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋនោះដែរ លោក ប្រធានាធិបតី Macron គ្រោងនឹងជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo Subianto នៅវិមានប្រធានាធិបតីនៅព្រឹកថ្ងៃពុធ នេះ បន្ទាប់មកលោកនឹងទទួលទានអាហារថ្ងៃត្រង់ជាមួយក្រុមអ្នកវិនិយោគ និងនាយកប្រតិបត្តិឥណ្ឌូណេស៊ីជាច្រើននាក់ ដើម្បីពិភាក្សាអំពីគម្រោងវិនិយោគនៅក្នុងប្រទេសបារាំង។ លើសពីនេះដែរ លោក Macron គ្រោងនឹងថ្លែងសុន្ទរកថាស្តីអំពីស្ថានភាពនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ាដល់និស្សិតនៃសាកលវិទ្យាល័យជាតិហ្សាកាតា។ ក្រៅពីដំណើរទស្សនកិច្ចថ្ងៃទី១នេះហើយ លោក Macron នឹងគ្រោងទៅបំពេញទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាននៅពេលរសៀលដែរ ជាមួយនឹងឯកឧត្តម កៅ គឺមហួន ជាអគ្គលេខាធិការអាស៊ាន មកពីប្រទេសកម្ពុជា មុនពេលលោកបញ្ចប់ដំណើរទស្សនកិច្ចនៅទីក្រុងហ្សាកាតា ជាមួយនឹងការទទួលទានអាហារពេលល្ងាចថ្នាក់រដ្ឋផងដែរ។ នៅថ្ងៃទីពីរនៃដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ីនោះ លោក Macron នឹងទៅទស្សនាសាលាយោធានៅ Magelang និងប្រាសាទពុទ្ធសាសនាដ៏ធំ Borobudur ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសបារាំងក្នុងការគាំទ្រការអភិរក្សសម្បត្តិបេតិកភណ្ឌឥណ្ឌូណេស៊ី មុនពេលរូបលោកចាកចេញទៅកាន់ប្រទេសសិង្ហបុរីបន្ត ដើម្បីចូលរួមកិច្ចសន្ទនាក្នុងវេទិកា Shangri-La ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ