ប្រធានាធិបតីបារាំងលោក Macron បានបញ្ជាឱ្យដកនាវាផ្ទុក យន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់ខ្លួនភ្លាមៗ ទៅកាន់ដែនសមុទ្រមេឌីទែរ៉ាណេដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួនពីជម្លោះ ៣ភាគី
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបញ្ជាឱ្យនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់បារាំងត្រូវផ្លាស់ទីពីដែនសមុទ្របាល់ទិកទៅកាន់សមុទ្រមេឌីទែរ៉ាណេភ្លាម ដើម្បីជួយការពារទ្រព្យសម្បត្តិសម្ព័ន្ធមិត្តរបស់ខ្លួនអំឡុងពេលសង្គ្រាមកំពុងបន្តផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ា។ លោកប្រធានាធិបតី Macron បាននិយាយថា នាវាបារាំងដែលមានឈ្មោះថា Charles de Gaulle (ឆាលែស ឌឺ ហ្កូលឡេ) នឹងត្រូវអមដំណើរជាមួយនឹងកងទ័ពអាកាសរបស់ខ្លួន រួមជាមួយនឹងនាវាចម្បាំងជាច្រើនទៀតដែរ។ នៅក្នុងសុន្ទរកថាវីដេអូដែលបានថតទុកដោយផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍បារាំង លោក Macron បានបន្ថែមថាយន្តហោះចម្បាំងប្រភេទ Rafale (រ៉ាហ្វល់)ដែលមានប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធរ៉ាដាតាមអាកាសត្រូវបានដាក់ពង្រាយក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះនៅមជ្ឈិមបូព៌ារួចរាល់ហើយ។ លោកបានលើកឡើងពីការវាយប្រហារកាលពីថ្ងៃចន្ទកន្លងទៅនៅលើមូលដ្ឋានទ័ពអាកាសអង់គ្លេសដែលស្ថិតនៅលើកោះស៊ីប ឬ Cyprus ដែរ ដោយលោកគូសបញ្ជាក់ថាបន្ថែមថា ស៊ីប ឬ Cyprus គឺជាសមាជិកនៃសហភាពអឺរ៉ុបដែលបារាំងទើបតែបានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា ដូច្នេះបារាំងត្រូវតែចូលរួមការពារពួកគេ។ បារាំងនឹងឆ្លើយតបភ្លាមៗ ហើយនឹងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដើម្បីការពារខ្លួនពីជម្លោះនេះ និងដើម្បីការពារដែនអាកាសនៃសម្ព័ន្ធមិត្តរបស់យើងដែរ ដែលយើងដឹងហើយថាពួកគេអាចនឹងពឹងផ្អែកលើយើងបាន។ កន្លងទៅបារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ធ្លាប់បាននិយាយពីមុនរួចហើយថា ពួកគេមិនពាក់ព័ន្ធនឹងការវាយប្រហារលើអ៊ីរ៉ង់ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅចុងសប្តាហ៍នេះទេ ប៉ុន្តែពួកគេគ្រាន់តែត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការការពារ និងបំផ្លាញសមត្ថភាពអាវុធរបស់អ៊ីរ៉ង់ដែលបានបានបាញ់មីស៊ីល និងប្រើយន្តហោះគ្មានមនុស្សបើកចូលមកកាន់សម្ព័ន្ធមិត្តរបស់ពួកគេប៉ុណ្ណោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



