ប្រធានសហគមន៍តំបន់ការពារធម្មជាតិអូរទុង ចូលរួមក្នុងវេទិកាសភាអភិរក្សពិភពលោក IUCN ឆ្នាំ ២០២៥ នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់អេមីរ៉ាត

ភ្នំពេញ ៖ លោក សាវ អ៊ីត ដែលជាជនជាតិដើមភាគតិច និងជាប្រធានសហគមន៍តំបន់ការពារធម្មជាតិអូរទុង នៅក្នុងខេត្តរតនគិរី បានធ្វើបទបង្ហាញស្តីពី “ការពង្រឹងការអភិរក្សដែលដឹកនាំដោយជនជាតិដើមភាគតិច តាមរយៈការប្រមូលផលផ្លែសម្រងប្រកបដោយនិរន្តរភាព នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិអូរទុង ឧទ្យានជាតិវីរៈជ័យ និងបានបង្ហាញពីរបៀបដែលជនជាតិដើមភាគតិចកាវ៉ែតគ្រប់គ្រង និងការពារព្រៃឈើប្រកបដោយនិរន្តរភាព តាមរយៈការប្រើប្រាស់ចំណេះដឹងបែបប្រពៃណី និងការប្រើប្រាស់អនុផលព្រៃឈើប្រកបដោយទំនួលខុសត្រូវ។

ការធ្វើបទបង្ហាញនេះ ដែលបានបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកចូលរួមជាច្រើន ដែលជាពិសេសបានបញ្ជាក់ពី ភាពជាអ្នកដឹកនាំរបស់សហគមន៍ គឺពិតជាសំខាន់ក្នុងការជំរុញការការពារជីវ:ចម្រុះ ការដាក់បញ្ចូលយេនឌ័រ និងការពង្រឹងជីវភាពរស់នៅរបស់សហគមន៍។

លោក គង់ គីមស្រេង ប្រធាននាយកដ្ឋានអភិរក្សតំបន់ការពារដីគោក ខាងជើងបឹងទន្លេសាប អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន ដែលបានអញ្ជើញចូលរួមក្នុងវេទិកាខាងលើនេះដែរ បានលើកឡើងពីចំណុចសំខាន់ៗ ស្តីពីដំណោះស្រាយផ្អែកលើធម្មជាតិ ក្នុងការអនុវត្តពីប្រទេសកម្ពុជា ដោយបង្ហាញពីការប្តេជ្ញាចិត្ត របស់ប្រទេសកម្ពុជាក្នុងនាមជារដ្ឋសមាជិករបស់អង្គការ IUCN ក្នុងការរួមចំណែកគ្រប់គ្រងធនធានធម្មជាតិ និងជួយលើកកម្ពស់ការចូលរួមរបស់សហគមន៍ ក្នុងការអភិរក្ស។

សូមបញ្ជាក់ថា អង្គការសត្វព្រៃ និងរុក្ខជាតិ សហការជាមួយក្រុមការងារបច្ចេកទេស ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងពង្រឹងជីវភាពរស់នៅរបស់ IUCN មានមោទនភាពក្នុងការផ្តល់ការគាំទ្រ ដល់ លោក សាវ អ៊ីត បានចូលរួមជាតំណាងឱ្យសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា នៅក្នុងកិច្ចប្រជុំសភាអភិរក្សពិភពលោក IUCN ឆ្នាំ ២០២៥ នៅទីក្រុង អាប៊ូដាប៊ី កាលពីពេលថ្មីៗកន្លងមកនេះ។ សកម្មភាពនេះ ត្រូវបានគាំទ្រថវិកាដោយក្រសួងបរិស្ថាន ចំណីអាហារ និងកិច្ចការជនបទ នៃរដ្ឋាភិបាលចក្រភពអង់គ្លេស ក្រោមគម្រោងមូលនិធិតំបន់ទេសភាពជីវៈចម្រុះ (BLF)៕