ប្រធានសមាគមបណ្ដាញកសិករតេជោ ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើឱ្យវារីវប្បករទាំងអស់ធ្វើរឿងពីរ ដើម្បីអាចប្រកួតប្រជែងនឹងផលិតផលបរទេស ​ និងផលិតផលនាំចូលបាន

(ភ្នំពេញ)៖ រសៀលថ្ងៃសុក្រទី០៣ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសដឹកនាំកិច្ចប្រជុំសមាគមបណ្ដាញកសិករតេជោ ផ្នែកវារីវប្បកម្ម ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្ដាញកសិករតេជោ បានស្នើឱ្យបងប្អូនវារីវប្បករទាំង អស់ រួមគ្នាធ្វើកិច្ចការងារចាំបាច់ចំនួន២ ដែលការងារពីរនេះ ជាគន្លឹះសំខាន់បំផុត ដែលធ្វើឱ្យផលិតផលវារីវប្បកម្មរបស់កម្ពុជា អាចប្រកួតប្រជែងនឹងផលិតផលបរទេស ឬផលិតផលនាំចូលបាន។

ការងារ២នោះរួមមាន៖ ទី១. ត្រូវរួមគ្នាពង្រឹងការផលិតឱ្យមានគុណភាព និងស្តង់ដារត្រឹមត្រូវ និង ២.ត្រូវរួមគ្នារិះរកមធ្យោបាយកាត់បន្ថយថ្លៃដើមផលិតឱ្យនៅទាបវិញ។

ក្នុងកិច្ចប្រជុំនេះ បងប្អូនវារីវប្បករ បានបង្ហាញកង្វល់លើការប្រកួតប្រជែងជាមួយផលិតផលនាំចូលវិញ ដោយលោកបណ្ឌិតបានគូសបញ្ជាក់ថា ក្នុងសេដ្ឋកិច្ចទីផ្សារ សេរី យើងមិនអាចបិទការនាំចូលទំនិញបរទេសដោយគ្មានមូលហេតុនោះទេ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏នឹងបន្តពង្រឹងលើការត្រួតពិនិត្យគុណភាពផលិតផលនាំ ចូល ឱ្យស្របតាមស្រង់ដារត្រឹមត្រូវ ធានាបាននូវការ ប្រកួតប្រជែងដោយស្មើភាពនិងយុត្តិធម៌ ជាមួយផលិតផលក្នុងស្រុកផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ ក៏មានតែងតាំងអនុប្រធានសមាគមបណ្ដាញកសិករតេជោ ផ្នែកវារីវប្បកម្ម និងប្រធានផ្នែកវារីវប្បកម្មតាមបណ្ដាខេត្ត ដើម្បីសម្រេចឱ្យបានតាមផែនការដែលបានរៀបចំក្នុងការពង្រឹងផ្នែកវារីវប្បកម្ម។

ឯកឧត្តមបណ្ឌិតលើកឡើងអំពីការចងក្រងគ្នាទៅតាមតំបន់-ខេត្ត គឺដើម្បីជួយគ្នាទៅវិញទៅមកជាកត្តាលិករ នៃដំណោះស្រាយក្នុងបញ្ហា គដែលកំពុងប្រឈមបច្ចុប្បន្ន ធ្វើយ៉ាងណាប្រើប្រាស់ធនធានមនុស្សខាងវារីវប្បកម្មរបស់យើងឱ្យអស់លទ្ធភាព៕