ប្រធានមន្ទីរដែនដីខេត្តកំពតជំរុញមន្ត្រីឱ្យបន្តអនុវត្តន៍ការងារវាស់វែងនិងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានឆាប់បំផុត

ដោយអនុវត្តន៍តាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ការចង្អុលបង្ហាញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមអភិបាលខេត្ត ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋសម្រេចបានប្រមាណជាង ៩០ភាគរយហើយ។ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានធ្វើការជំរុញ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ត្រូវរួមគ្នាអនុវត្តន៍ការងារនេះឱ្យបានល្អប្រសើរ ដើម្បីឈានទៅបញ្ចប់ការរវាស់វែង និងចេញបណ្ណនៅចុងឆ្នាំ២០២៥។
————————————————
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការគ្រប់ផ្នែក នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ព្រាប សុផាត ប្រធានមន្ទីរបានលើកឡើងថា ដោយមានការសហការពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីគ្រប់ផ្នែកនៃមន្ទីរដែនដី ក្នុងការអនុវត្តនូវគោលនយោបាយដីធ្លីដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត មន្ទីរបានធ្វើការចុះវាស់វែង ចុះបញ្ជី និងការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋក្នុងខេត្តសម្រេចបានប្រមាណជាង ៦៧ម៉ឺនក្បាលដី ដែលស្មើនឹងជាង ៩៨ភាគរយ លើក្បាលដីសរុបប្រមាណជាង ៧៧ម៉ឺនក្បាលដីនៅទូទាំងខេត្ត ហើយមន្ទីរគ្រោងនិងបញ្ចប់ការវាស់វែង និងចែកបណ្ណជូនពលរដ្ឋនៅបំណាច់ឆ្នាំ២០២៥ខាងមុខនេះ។ លោកប្រធានមន្ទីរបានបន្តថា សមិទ្ធិផលការងារដែលសម្រេចបានកន្លងមកនេះ គឺដោយសារមានការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញគ្រប់ផ្នែក ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរ ដែលនេះបានបង្ហាញឱ្យឃើញពីសាមគ្គីភាពបានល្អក្នុងគោលដៅតែមួយគឺធ្វើយ៉ាងណាពន្លឿននៃការចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានលឿនបំផុត តាមការចង្អុលបង្ហាញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីទាំងអស់ ដែលកន្លងមកបានលះបង់ពេលវេលា កម្លាំងចិត្ត កម្លាំងកាយ មិនថាជួបការលំបាកយ៉ាងណាក៏មិនរុញរាក្នុងការបំពេញភារកិច្ចក្នុងកិច្ចការងារចុះវាស់វែងដីធ្លីជូនពលរដ្ឋនៅគ្រប់មូលដ្ឋាន ដើម្បីឈានទៅសម្រេចបានការចេញបណ្ណកម្មសិទ្ធិជូនពួកគាត់។ ទន្ទឹមនឹងនោះ លោកប្រធានមន្ទីរក៏បានធ្វើការជំរុញ និងលើកទឹកចិត្តដល់មន្ត្រីគ្រប់ផ្នែកទាំងអស់ត្រូវបន្តរួមគ្នាអនុវត្តន៍ការងារនេះឱ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីឈានទៅបញ្ចប់ការរវាស់វែង និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៥ខាងមុខ។ ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរក៏បានស្នើដល់មន្ត្រីគ្រប់ផ្នែកទាំងអស់ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចតាមជំនាញរៀងៗខ្លួនឱ្យបានល្អ បន្តរួមសហការគ្នាដើម្បីឈានទៅសម្រេចបានគោលដៅរួមរបស់មន្ទីរ។
សូមបញ្ជាក់ថា ក្នុងឱកាសនៃពិធីបុណ្យប្រពៃណីជាតិខ្មែរ ដែលមានពិធីបុណ្យចូលឆ្នាំថ្មី និងបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត តែងតែមានកម្មវិធីជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំនិងមន្ត្រីរាជការជារៀងរាល់ឆ្នាំ តាមការណែនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងន័យដើម្បីបង្ហាញពីសាមគ្គីភាព វប្បធម៌ចែករំលែកក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត