ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៦៥គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ
ក្រចេះ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយថ្នាក់ដឹកនាំក្រុមការងារ អាជ្ញាធរស្រុកឆ្លូង និងឃុំព្រែកសាម៉ាន់ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកំអំណោយជូនបងប្អូនប្រជាពលរដ្ឋចំនួន៦៥គ្រួសារ ដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ទន្លេមេគង្គ នៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។
ការចុះសួរសុខទុក្ខ និងចែកអំណោយនេះ មានគោលបំណងចូលរួមសម្រាលការលំបាក និងបន្ទុករបស់ប្រជាពលរដ្ឋ ដែលផ្ទះសម្បែង និងដំណាំកសិកម្មរបស់ពួកគាត់រងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ទន្លេមេគង្គ។
អំណោយដែលនាំយកមកចែកជូនប្រជាពលរដ្ឋនាឱកាសនេះរួមមាន គ្រឿងឧបភោគបរិភោគចាំបាច់ផ្សេងៗ ដែលទទួលបានការគាំទ្រពី គម្រោងឃ្លាំងអាហារសហគមន៍ របស់ មូលនិធិអ៊ីម៉ាន់កម្ពុជា ដើម្បីរួមចំណែកជួយសម្រាលការលំបាករបស់គ្រួសាររងគ្រោះក្នុងគ្រាអាសន្ន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ និងបានពាំនាំនូវការសួរសុខទុក្ខប្រកបដោយក្តីយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះការលំបាកដោយសារគ្រោះធម្មជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់អាជ្ញាធរស្រុក និងឃុំ ឱ្យបន្តតាមដានស្ថានភាពទឹកជំនន់ជាប្រចាំ និងត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋបានទាន់ពេលវេលា។ ជាពិសេស ត្រូវផ្តល់អាទិភាពខ្ពស់បំផុតដល់ការការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ កុមារ មនុស្សចាស់ និងជនងាយរងគ្រោះ ព្រមទាំងរៀបចំទីតាំងមានសុវត្ថិភាព និងត្រៀមសម្ភារៈចាំបាច់សម្រាប់ឆ្លើយតបនឹងស្ថានការណ៍បន្ទាន់។
ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកជំនន់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាសុវត្ថិភាពរបស់ខ្លួន និងក្រុមគ្រួសារ។
បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទទួលអំណោយ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នេត្រ ភក្ត្រា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង និងអាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ និងផ្តល់ជំនួយទាន់ពេលវេលា។ ជំនួយទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រាលបន្ទុករបស់គ្រួសារដែលកំពុងជួបការលំបាក។
នៅក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន ឃុំព្រែកសាម៉ាន់ បានបញ្ជាក់ជូនថា នឹងបន្តតាមដានស្ថានភាពទឹកជំនន់ និងចាត់វិធានការចាំបាច់នានា ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ ព្រមទាំងចូលរួមជួយស្តារជីវភាពរបស់ប្រជាពលរដ្ឋឡើងវិញ បន្ទាប់ពីស្ថានភាពទឹកបានស្រក៕




