ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ៖ សម្រាប់បងប្អូនដែលមានតម្រូវការផ្កាឈូក ផ្លែឈូក ស្លឹក និងក្រអៅឈូក អាចទាក់ទងមកអាជ្ញាធរឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង សម្រាប់បងប្អូនដែលធ្វើដំណើរទៅខេត្តក្រចេះ ឬឆ្លងកាត់ខេត្តក្រចេះ គួរឆ្លៀតចូលទស្សនាចម្ការឈូកដ៏ស្រស់ស្អាត!
(ក្រចេះ)៖ ឆ្លៀតក្នុងឱកាសចុះបំពេញបេសកកម្មការងារនៅខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមដំណើរដោយ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញទៅជួបសំណេះសំណាល និងពិនិត្យមើលចម្ការឈូករបស់បងប្អូនប្រជាពលរដ្ឋអ្នកឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ចំនួន ៨៦ ហិកតា ដែលជាទស្សនីយភាពថ្មីនៃទេសចរណ៍ធម្មជាតិក្នុងស្រុកឆ្លូង ខេត្តក្រចេះ! ។
ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា ចម្ការឈូកដ៏ធំនេះក៏ជាលទ្ធផលនៃការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដោយពីមុន ទីនេះ បងប្អូនប្រជាពលរដ្ឋជាប្រជាកសិករបានដាំដំណាំស្រូវ ប៉ុន្តែប្រឈមនឹងរបបទឹកទន្លេមេគង្គមិនទៀងទាត់នាពេលបច្ចុប្បន្ន ធ្វើឱ្យដំណាំស្រូវរបស់គាត់ប្រឈមនឹងការរាំងស្ងួត។ ដូច្នេះបានជា បងប្អូនប្រជាពលរដ្ឋបានប្រែទម្លាប់មកដាំឈូកជំនួសវិញដែលបានផលទាំងផ្កា ស្លឹក ផ្លែ និងក្រអៅសម្រាប់ជាបន្លែ។ តាមការបញ្ជាក់របស់បងប្អូនពលរដ្ឋដែលជាអ្នកដាំដុះ ផលពីការដាំឈូកគឺទទួលបបានទិន្នផលច្រើនជាងការដាំដំណាំស្រូវ និងការថែទាំល្មម។
ការដាំឈូកមានផលប្រយោជន៍ជាច្រើន ទាំងផ្នែកសេដ្ឋកិច្ច សុខភាព បរិស្ថាន និងទេសចរណ៍ ដូចជា៖ ផ្តល់ចំណូលសេដ្ឋកិច្ច, ផ្កាឈូកអាចលក់បានសម្រាប់ថ្វាយបង្គំ តុបតែង និងធ្វើជាអំណោយ។
គ្រាប់ឈូក អាចយកទៅបរិភោគ ឬកែច្នៃជាអាហារ។ ដើម និងមើមឈូកអាចប្រើធ្វើម្ហូបបាន។ ស្លឹកឈូកអាចប្រើវេចខ្ចប់អាហារ ឬធ្វើថ្នាំបុរាណ។
គ្រាប់ឈូកជួយលើកកម្ពស់សុខភាព, គ្រាប់ឈូកមានជាតិចិញ្ចឹមខ្ពស់ ជួយបំប៉នរាងកាយ។ មើមឈូកសម្បូរវីតាមីន និងជាតិសរសៃ។ ផ្នែកខ្លះនៃឈូកត្រូវបានប្រើក្នុងឱសថបុរាណ។
ទាក់ទងការពារបរិស្ថាន គឺឈូកជួយរក្សាគុណភាពទឹក និងកាត់បន្ថយការកើនឡើងនៃសារាយ។ ជាជម្រកសម្រាប់ត្រី និងសត្វទឹកមួយចំនួន។ ជួយបង្កើនសោភ័ណភាពធម្មជាតិ។
ចម្ការឈូក ទាក់ទាញទេសចរណ៍
ព្រោះ ស្រះឈូក ឬបឹងឈូកអាចក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ។ មនុស្សជាច្រើនចូលចិត្តទៅថតរូប និងកម្សាន្តនៅវាលឈូក។
ឈូកមានតម្លៃវប្បធម៌ និងសាសនា ព្រោះផ្កាឈូកតំណាងឱ្យភាពបរិសុទ្ធ និងសេចក្តីល្អក្នុងព្រះពុទ្ធសាសនា។ ផ្កាឈូកតែងតែប្រើក្នុងពិធីបុណ្យ និងការថ្វាយបង្គំ៕



