ប្រធានក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋានខេត្តក្រចេះ ៖ មន្ទីរកសិកម្ម អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បន្តពន្លឿនការពិនិត្យស្រង់ទិន្នន័យពីផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាកសិកររងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះដោះស្រាយឲ្យបានទាន់ពេលវេលា,

(ក្រចេះ)៖ ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នាសាលមហោស្រពខេត្ត ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជំរុញដល់អាជ្ញាធរដែនពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ហើយត្រូវខិតខំដោះស្រាយអោយបានទាន់ពេលវេលាចំពោះបងប្អូនប្រជាពលរដ្ឋជាប្រជាកសិករដែលកំពុងរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ហើយជួយអន្តរាគមន៍បន្ទាន់ដល់អ្នករងគ្រោះដោយគ្រោះធម្មជាតិ ដើម្បីសម្រួលដោះស្រាយការលំបាកចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជម្រាបជូនថា ក្នុងឆ្នាំ២០២៥នេះ គ្រោះធម្មជាតិទឹកជំនន់
បានធ្វើឱ្យផលដំណាំស្រូវរបស់ប្រជាកសិកររងការខូចខាតអស់ប្រមាណ ៣០០០ហិតា, ខណៈនៅឆ្នាំ២០២៤ កន្លងមក មានទំហំច្រើនជាងដែលបង្ករដោយគ្រោះធម្មជាតិនេះ ។ តែទោះជាយ៉ាងណា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់ផ្នែកពាក់ព័ន្ធ នៅតែបន្តតាមដានយ៉ាងចិត្តទុកដាក់ខ្ពស់បំផុតចំពោះបញ្ហានេះ ដើម្បីធ្វើយ៉ាងស្វែងរកដំណោះស្រាយ នឹងនាំយកនូវគ្រាប់ពូជស្រូវចែកដល់ប្រជាកសិកររងការខូចខាតដោយទឹកជំនន់ទឹកសម្រាប់ដាំដុះស្តារឡើងវិញបន្ទាប់ពីទឹកបានស្រកទៅវិញ ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ប្រធានក្រុមការងារ បានចូលរួមសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងមួយចំនួនរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ រួមទាំងខូចខាតផលដំណាំថែមទៀតផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហាគ្រោះធម្មជាតិទឹកជំនន់នេះដែរ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានបញ្ជាក់ថា រដ្ឋបាលខេត្ត បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានបន្តការចុះផ្ទាល់សាកសួរសុខទុក្ខ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានា និងចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះបានឆាប់រហ័សបំផុត។ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងករណីលង់ទឹកចំពោះកុមារ និងមនុស្សចាស់ ត្រូវគិតគូអំពីបញ្ហាសុខភាព ត្រូវរស់នៅប្រកបដោយអនាម័យ ហូបស្អាត ផឹកស្អាត។
គួររំលឹកឡើងវិញដែរថា កាលពីខែតុលា ឆ្នាំ២០២៤ ពូជស្រូវ ប្រភេទOM-5451 ចំនួនជាង ៦០០តោន ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនខេត្តក្រចេះដើម្បីចែកដល់បងប្អូនពលរដ្ឋចំនួន ៦.១១៩គ្រួសារ ដែលមានដំណាំស្រូវរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ៕