ប្រធានកិត្តិយសសមាគមនារីខេត្តកំពតដឹកនាំសមាជិកានាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃក្នុងវត្តចំនួនពីរនៅស្រុកឈូក
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ចានធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានដឹកនាំ អនុប្រធានសាខា អនុប្រធានកិត្តិយសសមាគមន៍ និងសមាជិកា នាំយកទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងពុទ្ធសីមាវត្តចំនួនពីរ គឺវត្តអង្គស្តុក ហៅវត្តបានៀវ និងវត្តអង្គម្រះព្រៅ ស្ថិតក្នុងស្រុកឈូក។ ក្នុងឱកាសនោះ លោកជំទាវប្រធានកិត្តិយសបានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ពិសេសសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់លោកតា លោកយាយ និងប្រជាពុទ្ធបរិស័ទ្ធទាំងអស់ ដែលបានមកចូលរួមក្នុងពិធីនេះ។
មានមតិសំណេះសំណាលនាឱកាសនោះដែរ លោកជំទាវ ហ៊ុន ចានធី ម៉ៅធនិន បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាដែលបានរស់រានមានជីវិតមកដល់ថ្ងៃនេះ គឺជាអ្នកដែលមានសំណាងបំផុត ដែលបានរស់ក្រោមម្លប់នៃសុខសន្តិភាពក្រោមការលះបង់ស្វែងរកដោយលំបាក ដោយជីវិតពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតិតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។ ទន្ទឹមនឹងការខិតខំពុះពារអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ សម្តេចក៏បានបន្តថែរក្សានូវសុខសន្តិភាពជូនជាតិ ជូនប្រជាជន ព្រមទាំងបានផ្តល់នូវឱកាសជាច្រើនសម្រាប់ឱ្យពលរដ្ឋចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាផងដែរ។
ជាមួយគ្នានេះដែរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក និងបច្ចុប្បន្នបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចទាំងទ្វេ តែងតែគិតគូរជានិច្ចចំពោះសុខទុក្ខនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសការលើកកម្ពស់តម្លៃស្ត្រីនៅគ្រប់ទីកន្លែង និងគ្រប់ស្ថាប័ន ដោយបានផ្តល់តួនាទីសំខាន់ៗក្នុងជួររដ្ឋាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់ស្ត្រី ដើម្បីឱ្យស្ត្រីបញ្ចេញនូវសមត្ថភាព ព្រមទាំងចូលរួមអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាល។ ក្នុងឱកាសនោះដែរ លោកជំទាវប្រធានកិត្តិយសសាខាសមាគមន៍នារី ក៏បានអំពាវនាវដល់បងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់ ឱ្យរួមគ្នាចូលរួមថែរក្សានូវសុខសន្តិភាពដែលរកបានដោយលំបាក និងកម្រនេះ ឱ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
ទេយ្យទានដែលបានប្រគេនព្រះសង្ឃទាំងពីរវត្តនាពេលនេះ ក្នុងមួយវត្តៗរួមមាន៖ ទៀនចំណាំព្រះវស្សាចំនួន ១គូរ, អង្ករ ១០០គីឡូក្រាម, ត្រីខ ៥យួរ, ស្ករស ៥គីឡូ, សៀងផ្អែម ៣០គីឡូ, ទឹកស៊ីវអ៊ីវ ១០យួរ, ឆៃប៉ូវផ្អែម ១០គីឡូ, ប្រេងឆា ២ដបធំ, តែ ៥កញ្ចប់, ធូប ៥ដុំ, ប៊ីចេង ៥គីឡូ, មី ៥កេស, កាហ្វេ ២កញ្ចប់ធំ, ត្រីងៀត ៥គីឡូ, ទឹកក្រូច ទឹកផ្លែឈើ ៥កេស, សាប៊ូម្សៅ ៥គីឡូ, ទឹកសុទ្ធ ៥កេស និងបច្ច័យចំនួន ៥០ម៉ឺនរៀលផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត







