ប្រធានកិត្តិយសសមាគមនារីខេត្តកំពតលើកទឹកចិត្ត និងជំរុញបងប្អូនស្ត្រីដែលមានរបរត្បាញចចូតឱ្យបន្តរបរនេះខណៈមានតម្រូវការច្រើន
នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនស្ត្រីដែលមានមុខរបរជាអ្នកត្បាញចចូតចំនួន ៣១គ្រួសារ ស្ថិតក្នុងភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ មានមិតសំណេះសំណាលនាឱកាសនោះ លោកជំទាវប្រធានកិត្តិយសសាខាសមាគមនារីខេត្តកំពត បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ជូនដល់បងប្អូនស្ត្រីដែលជាអ្នកត្បាញចចូតទាំងអស់ ហើយជានិច្ចជាកាលឯកឧត្តមអភិបាលខេត្ត តែងតែគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងខេត្ត ពិសេសស្ត្រី និងបានណែនាំដល់សាខាសមាគមនារីឱ្យចុះជួប សំណេះសំណាល និងស្វែងយល់ពីតម្រូវការផ្សេងៗរបស់ស្ត្រីនៅតាមបណ្តាភូមិ-ឃុំ ដើម្បីរួមចំណែកក្នុងការដោះស្រាយសំណូមពរ ក៏ដូចជាតម្រូវការផ្សេងៗរបស់ពួកគាត់។
ក្នុងឱកាសនោះដែរ លោកជំទាវប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ក៏បានលើកឡើងដែរថា ប្រទេសកម្ពុជាក្រោមម្លប់នៃសុខសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តធ្វើឱ្យមានការអភិវឌ្ឍឥឈប់ឈរ ហើយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏មានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ លោកជំទាវប្រធានកិត្តិយសបានបន្តថា បច្ចុប្បន្ននេះតម្រូវការផលិតផលដែលត្បាញដោយចចូតរបស់បងប្អូនស្ត្រី គឹមានការគាំទ្រច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស ពិសេសតាមសណ្ឋាគារ ផ្ទះសំណាក់ រីស៊ត បឹងហ្គាឡូ និងកន្លែងកម្សាន្តផ្សេងៗ ដោយផលិតផលពីចចូតទាំងនោះគេអាចយកទៅដាក់តាំងលក់ ដាក់តាំងលម្អ និងសម្រាប់ប្រើប្រាស់ដើម្បីលើកសោភ័ណភាពផងដែរ។ លោកជំទាវប្រធានកិត្តិយសក៏បានធ្វើការលើកទឹកចិត្ត និងជំរុញដល់ស្ត្រីដែលមានមុខរបរជាអ្នកត្បាញចចូតទាំងអស់ សូមកុំបោះបង់ ហើយបន្តត្បាញឱ្យចេញជាផលិតផលផ្សេងៗតាមតម្រូវការរបស់ភ្ញៀវឱ្យបានច្រើន ព្រោះបច្ចុប្បន្នផលិតផលពីចចូតកំពុងមានការគាំទ្រ ហើយនៅពេលដែលទទួលបានការគាំទ្រច្រើន ចំណូលក៏ទទួលបានច្រើន ហើយជីវភាពរស់នៅកាន់តែប្រសើរឡើងបន្ថែមទៀត។
សូមបញ្ជាក់ថា ការត្បាញចចូតរបស់អ្នកភូមិច្រេស ឃុំបឹងសាលាខាងត្បូង គឺធ្វើឡើងដោយដៃមិនមានប្រើប្រាស់ម៉ាស៊ីនអ្វីនោះទេ ហើយចចូតអាចផលិតចេញជាសម្ភារៈជាច្រើនដូចជា៖ កន្ទេល កាបូប មួក កន្ត្រក ប្រដាប់ដាក់អីវ៉ាន់ផ្សេងៗ ធ្វើជាចំណងតុបតែង ឬអំបោះចចូត គ្រឿងតាំងលម្អជញ្ជាំង កំរាលតុ និងបំពង់បឺត ដើម្បីជំនួសបំពង់បឺតប្លាស្ទិក រួមជាមួយនឹងសម្ភារៈផ្សេងៗជាច្រើនទៀតផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



