ភ្នំពេញ ៖ វត្តមានជាថ្មី សត្វត្រដក់ធំ ជាសត្វស្លាបដ៏កម្រ និងជិតផុតពូជ ត្រូវបានប្រទះឃើញ នៅតំបន់ដីសើមបឹងព្រែកល្ពៅ ស្ថិតនៅក្នុងទឹកដីខេត្តតាកែវ។
នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានប្រកាសពីវត្តមានសត្វត្រដក់ធំ មកកាន់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ អង្គការនេះ អះអាងថា ជារៀងរាល់ឆ្នាំ សត្វត្រដក់ធំតែងតែផ្លាស់ទីមករកចំណីនៅតំបន់ការពារទេសភាពនេះ ចាប់ពីខែមិថុនា ដល់ខែសីហា ឬខែកញ្ញា អាស្រ័យលើស្ថានភាពទឹកជំនន់។ ប៉ុន្តែសំរាប់ឆ្នាំ2026នេះ សត្វ ត្រដក់ធំ បានវិលត្រលប់មកកាន់ដីសើមបឹងព្រែកលពៅលឿនជាងឆ្នាំមុន ដោយពួកវាចាប់ផ្តើមមានវត្តមានពីខែ ឧសភា រហូតមកដល់ពេលនេះក្រុមកាងារជីវិតអង្គការធម្មជាតិនៅកម្ពុជាបានកត់ត្រាវត្តមានសត្វត្រដក់ធំមានចំនួនបីក្បាល។
សត្វត្រដក់ធំ គឺជាប្រភេទសត្វស្លាបដ៏កម្រ និងត្រូវបានអភិរក្សនៅកម្ពុជា។ មុនឆ្នាំ២០២៤ វាត្រូវបានចាត់ថ្នាក់ជាប្រភេទ សត្វជិតផុតពូជ។
ដោយសារកិច្ចខិតខំប្រឹងប្រែងអភិរក្សពីបណ្ដាប្រទេសដែលមានវត្តមានសត្វនេះ ជាពិសេសប្រទេសកម្ពុជា ដែលមានតំបន់ពងកូនធំជាងគេនៅអាស៊ីអាគ្នេយ៍ ស្ថិតនៅតំបន់រ៉ាមសារព្រែកទាល់ ស្ថានភាពអភិរក្សរបស់វាត្រូវបានវាយតម្លៃឡើងវិញ ហើយបច្ចុប្បន្នត្រូវបានចាត់ថ្នាក់ជាប្រភេទជិតរងគ្រោះ។ ទោះបីជាស្ថានភាពអភិរក្សរបស់វាត្រូវបានកែលម្អក៏ដោយ សត្វត្រដក់ធំនៅតែជាប្រភេទសត្វដែលត្រូវការការការពារ និងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថាចំនួនរបស់វានឹងបន្តកើនឡើង។
តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជាតំបន់អភិរក្សដីសើមដ៏សំខាន់ និងមានតែមួយគត់របស់ខេត្តតាកែវ ដែលគាំទ្រសត្វស្លាបជិតផុតពូជនិងរងគ្រោះជាច្រើនប្រភេទ។ បើតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា តំបន់នេះកំពុងជួបបញ្ហាប្រឈមមួយចំនួន ជាពិសេសការទន្ទ្រានយកដីដោយខុសច្បាប់។ ដើម្បីដោះស្រាយកត្តាប្រឈមនេះ បច្ចុប្បន្ន ក្រសួងបរិស្ថានរួមទាំងអជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធកំពុងមមាញឹកបញ្ចប់ការបែងចែកតំបន់គ្រប់គ្រងនិងបោះបង្គោលព្រុំប្រទល់របស់តំបន់ការពារធម្មជាតិនេះ។ ជាថ្មីម្ដងទៀត អង្គការថែរក្សា និងអភិរក្សសត្វព្រៃមួយនេះ បានអំពាវឱ្យមានការចូលរួមថែរក្សា និងការពារតំបន់ដីសើមបឹងព្រែកល្ពៅទាំងអស់គ្នា ដើម្បីឱ្យសត្វស្លាបដ៏កម្រទាំងនេះនៅតែបន្តវិលត្រឡប់មករកចំណី និងរស់នៅក្នុងធម្មជាតិរបស់កម្ពុជាតទៅ៕







