ប្រទេសប៉េរូប្រកាសអាសន្នសម្រាប់ទីតាំងស្រុកជាង៧០០ ដែលនឹងកំពុងរងឥទ្ធិពលពីបាតុភូតអាកាសធាតុ El Nino បង្ករឱ្យមានភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់

TVK App

ប្រទេសប៉េរូបានប្រកាសអាសន្នកាលពីថ្ងៃពុធម្សិលមិញនេះសម្រាប់ទីតាំងស្រុកជិតពាក់កណ្តាលនៃប្រទេស បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ការរអិលបាក់ដី និងទឹកជំនន់ដែលបង្កឡើងដោយសីតុណ្ហភាពមហាសមុទ្រកើនឡើង ដែលអាជ្ញាធរបានភ្ជាប់ទៅនឹងបាតុភូតអាកាសធាតុ El Nino Costero ឬ El Nino ឆ្នេរសមុទ្រ។ ចុះហត្ថលេខាដោយប្រធានាធិបតីបណ្តោះអាសន្ន José María Balcázar និងបានបោះពុម្ពផ្សាយនៅក្នុងកាសែតផ្លូវការក្នុងប្រទេសផង ក្រឹត្យនេះធ្វើឡើងក្នុងគោលបំណងពន្លឿនការផ្តល់មូលនិធិសម្រាប់អាជ្ញាធរមូលដ្ឋាន និងតំបន់រងគ្រោះ ដើម្បីធានាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានទាំងស្ពាន ផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹក និងអគ្គិសនី ខណៈពេលដែលកិច្ចការពារជីវិត និងសុខភាពរបស់ប្រជាជនគឺជាកត្តាចំបងសម្រាប់រដ្ឋ។ ស្រុកជាង ៧០០ នៅទូទាំងតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក អង់ដេស និងអាម៉ាហ្សូន ពេលនេះកំពុងស្ថិតនៅក្រោមស្ថានភាពប្រកាសអាសន្ន។ ទោះបីជាភ្លៀងបានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកក៏ដោយ ក៏រដ្ឋាភិបាលថ្មីមិនអាចអនុវត្តក្រឹត្យទាំងនេះបានទេរហូតមកដល់ពេលនេះ។ លោកប្រធានាធិបតី Balcázar ដែលទើបតែស្បថចូលកាន់តំណែងនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោកនៅថ្ងៃអង្គារម្សិលមិញ ដោយបញ្ចប់ស្ថានភាពគ្មានមេដឹកនាំប្រទេសចាប់តាំងថ្ងៃទី១៧ ខែកុម្ភៈមក ក្រោយពីសភាបានដកតំណែងមុនរបស់លោក គឺលោក José Jerí ដែលបានប្រឈមមុខនឹងការស៊ើបអង្កេតលើអំពើពុករលួយ និងការជ្រៀតជ្រែកដោយឥទ្ធិពលជាដើម។ ក្រសួងដឹកជញ្ជូនរបស់ប្រទេសប៉េរូបាននិយាយថា ផ្លូវថ្នល់មានចំងាយប្រហែល៩៣១ គីឡូម៉ែត្រ ត្រូវខូចខាតទូនៅទាំងប្រទេស ដោយការខូចខាតភាគច្រើនផ្តោតទៅលើតំបន់ទាំងបួនដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយទឹកភ្លៀងធ្លាក់ខ្លាំង ក្នុងនោះផ្លូវសំខាន់ៗដែលធ្លាប់បម្រើដល់ការធ្វើដំណើររបស់មនុស្សជាងកន្លះលាននាក់ជារៀងរាល់សប្តាហ៍ ក៏ត្រូវខូចខាតដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ