ប្រទេសនេប៉ាល់នឹងត្រូវបោះឆ្នោតជាថ្មីនិងលើកដំបូងបន្ទាប់ពីការតវ៉ាដ៏សាហាវរបស់យុវជន Gen-Z! ខណៈបេក្ខជនកំពុងទទួល បានការគាំទ្រខ្លាំងគឺជាតារាចំរៀងរ៉េបវ័យ៣៥ឆ្នាំ

អតីតតារាចម្រៀងរ៉េបម្នាក់កំពុងតែទទួលបានប្រជាប្រិយភាព និង គាំទ្រខ្លាំង ក្នុងនាមជាអតីតអភិបាលក្រុង Kathmandu និងមេដឹកនាំវ័យក្មេងមកពីគណបក្សនយោបាយចំណាស់ជាងគេក្នុងប្រទេសនេប៉ាល់ផងដែរ។ អតីតសមាជិកបក្សកុម្មុយនិស្តចាស់វស្សាម្នាក់ដែលត្រូវបានបណ្តេញចេញនៅក្នុងការតវ៉ាដឹកនាំដោយយុវជន Gen-Z ដែលមានមនុស្សរាប់សិបនាក់ត្រូវបានសម្លាប់កាលពីឆ្នាំមុនបានឲ្យដឹងថា ពួកគេគឺជាបេក្ខជនឈានមុខទាំងបី ខណៈដែលប្រទេសនេប៉ាល់ឈានទៅរកការបោះឆ្នោតទូទាំងប្រទេសដ៏សំខាន់មួយ និងជាលើកដំបូងចាប់តាំងពីការតវ៉ាបានផ្ទុះឡើង និងនាំឱ្យមានការផ្តួលរលំរដ្ឋាភិបាលនៃអតីតនាយករដ្ឋមន្ត្រី Khadga Prasad Oli ក្នុងខែកញ្ញាឆ្នាំមុន។ អ្នកដែលឈ្នះការបោះឆ្នោតលើកនេះនឹងក្លាយជានាយករដ្ឋមន្ត្រីទី ១៦ របស់ប្រទេសនេប៉ាល់ក្នុងរយៈពេលតិចជាងពីរទសវត្សរ៍ ដែលបង្ហាញពីអស្ថិរភាពនយោបាយដែលបានកើតឡើងវិញ និងបានក្លាយជាការសម្គាល់ក្នុងប្រទេសតំបន់ហិម៉ាឡៃមួយនេះ ចាប់តាំងពីរបបរាជានិយមត្រូវបានលុបចោលក្នុងឆ្នាំ ២០០៨។ ការតវ៉ានៅក្នុងប្រទេសនេប៉ាល់កាលពីឆ្នាំមុនបានបង្ហាញពីវិសាលភាពនៃការខកចិត្តរបស់ក្រុមយុវជនចំពោះអំពើពុករលួយ និងកង្វះឱកាសនៅក្នុងប្រទេស សម្រាប់យុវជនជំនាន់ក្រោយប្រហែល១ភាគ៥ គឺគ្មានការងារធ្វើ ប៉ុន្តែកន្លែងការងារល្អៗភាគច្រើនត្រូវបានដាក់បញ្ជូលពីគ្រួសារឬពីកូនរបស់ឥស្សរជននយោបាយជាន់ខ្ពស់ ដែលជារឿងផ្តល់អត្ថប្រយោជន៍ភាគច្រើនសម្រាប់ពួកគេ។ បន្ទាប់ពីកំហឹងរបស់សាធារណជនកាន់តែខ្លាំងបាននាំឱ្យមានការលាលែងពីតំណែងរបស់រដ្ឋាភិបាល ហើយអ្នកបោះឆ្នោតនេប៉ាល់រាប់លាននាក់ឥឡូវនេះកំពុងត្រៀមខ្លួនដើម្បីជ្រើសរើសសមាជិកសភាថ្មី តំណាងរាស្ត្រថ្មី ដែលជាសភាជាន់ទាបដ៏មានឥទ្ធិពលក្នុងប្រទេសនេះ។ នាយករដ្ឋមន្ត្រីបន្ទាប់អាចនឹងត្រូវបានជ្រើសរើស បន្ទាប់ពីទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងសភា។ លោក Balendra Shah ដែលត្រូវបានគេស្គាល់ជាទូទៅថា Balen បានក្លាយជាឥស្សរជនដ៏ពេញនិយមម្នាក់អំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ លោកត្រូវបានជ្រើសរើសជាអភិបាលក្រុង Kathmandu ក្នុងឆ្នាំ ២០២២ ហើយក្រោយមកបានចាកចេញពីតំណែងនោះដើម្បីចូលរួមជាមួយគណបក្សឯករាជ្យជាតិក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីថ្មី។ លោក Shah អាយុ ៣៥ ឆ្នាំរូបនេះធ្លាប់បានហ្វឹកហាត់ការងារជាវិស្វករសំណង់ ហើយក្រោយមកទទួលបានកិត្តិនាមតិចតួចក្នុងនាមជាសិល្បករផ្នែកចំរៀងរ៉េប ដោយប្រើប្រាស់តន្ត្រីរបស់លោកដើម្បីដោះស្រាយបញ្ហាសង្គម និងនយោបាយជាដើម។ ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ និងវ៉ែនតាខ្មៅដ៏ល្បីរបស់លោក លោក Shah បានធ្វើដំណើរកម្សាន្តទូទាំងប្រទេសដើម្បីឃោសនារកសម្លេងគាំទ្រពីប្រជាជនទូទៅ។ អ្នកគាំទ្រតែងតែតម្រង់ជួរដើម្បីស្វាគមន៍រូបលោក និងបង្ហាញការគាំទ្រដល់លោក និងគណបក្សរបស់លោកដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ