ប្រតិភូអ្នកសារព័ត៌មានអន្តរជាតិ អញ្ជើញទស្សនាផ្សារធំថ្មី ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណង់ស្ថាបត្យកម្មដ៏លេចធ្លោ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នៅកណ្តាលរាជធានីភ្នំពេញ

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់បេសកកម្មយកព័ត៌មានក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រតិភូអ្នកសារព័ត៌មានអន្តរជាតិមកពីបណ្តាប្រទេសមួយចំនួន បានអញ្ជើញទស្សនាផ្សារធំថ្មី ដែលជាសំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រដ៏លេចធ្លោមួយ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នៅកណ្តាលរាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីប្រវត្តិដើម ការកកើតឡើង និងការវិវត្តរបស់ផ្សារដែលមានអាយុកាលជិត ៩០ឆ្នាំនេះ។

ដំណើរទស្សនានេះត្រូវបានសម្របសម្រួលដោយក្រសួងព័ត៌មាន ដោយមានការចូលរួមជួយសម្រួលការបកប្រែជាភាសាបារាំងពីក្រុមនិស្សិតស្ម័គ្រចិត្តផ្នែកភាសាបារាំង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ផ្សារធំថ្មីមានលក្ខណៈពិសេស និងទាក់ទាញចំណាប់អារម្មណ៍ គឺរចនាបថស្ថាបត្យកម្មបែបអាតដេកូ (Art Deco) ដែលមានដំបូលដ៏ធំរាងជាដូមនៅចំកណ្តាល និងសាលធំៗចំនួនបួនលាតសន្ធឹងចេញពីអគារកណ្តាល បង្កើតបានជាទម្រង់ស្ថាបត្យកម្មដ៏ប្លែក និងមានភាពលេចធ្លោ។ សំណង់នេះមិនត្រឹមតែជាកន្លែងប្រកបអាជីវកម្ម និងទិញលក់ទំនិញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពមួយនៃការវិវត្តនៃស្ថាបត្យកម្ម និងការរៀបចំទីក្រុងភ្នំពេញក្នុងសតវត្សរ៍ទី២០ ផងដែរ។

ផ្សារធំថ្មីបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏រស់រវើក ដែលប្រមូលផ្តុំអាជីវករ និងប្រជាពលរដ្ឋមកពីតំបន់នានា ព្រមទាំងមានទំនិញចម្រុះជាច្រើនប្រភេទ ដូចជា គ្រឿងអលង្ការ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ផលិតផលសិប្បកម្ម និងគ្រឿងឧបភោគបរិភោគ។ ជាមួយគ្នានេះ ផ្សារធំថ្មីក៏បានក្លាយជាគោលដៅទស្សនកិច្ចដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់ស្វែងយល់ពីជីវភាពរស់នៅ វប្បធម៌ និងសកម្មភាពពាណិជ្ជកម្មរបស់ប្រជាជនកម្ពុជា។

ដោយគិតគូរពីតម្លៃប្រវត្តិសាស្ត្រ សោភ័ណភាព និងសារៈសំខាន់នៃផ្សារនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តគម្រោងជួសជុល និងស្តារឡើងវិញ ដោយមានការគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ការងារជួសជុលបានបញ្ចប់នៅឆ្នាំ២០១១ ហើយផ្សារធំថ្មីត្រូវបានបើកដំណើរការឡើងវិញជាផ្លូវការនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ ក្នុងគោលបំណងថែរក្សាតម្លៃស្ថាបត្យកម្មប្រវត្តិសាស្ត្រ លើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងកែលម្អលក្ខខណ្ឌអនាម័យ និងសុវត្ថិភាពសម្រាប់អាជីវករ និងប្រជាពលរដ្ឋ។

ដំណើរទស្សនកិច្ចរបស់ប្រតិភូអ្នកសារព័ត៌មានអន្តរជាតិនៅផ្សារធំថ្មីនេះ ក៏ជាឱកាសមួយសម្រាប់អ្នកសារព័ត៌មានបរទេសបានស្វែងយល់ដោយផ្ទាល់ពីសម្បត្តិស្ថាបត្យកម្ម ប្រវត្តិសាស្ត្រ ជីវភាពពាណិជ្ជកម្ម និងភាពរស់រវើកនៃរាជធានីភ្នំពេញ ព្រមទាំងបានស្គាល់បន្ថែមពីអត្តសញ្ញាណ និងបេតិកភណ្ឌទីក្រុងរបស់កម្ពុជា ដែលបន្សល់ទុកពីអតីតកាល និងបន្តមានតួនាទីសំខាន់ក្នុងជីវភាពសង្គម និងសេដ្ឋកិច្ចរហូតមកដល់បច្ចុប្បន្ន៕