ប្រតិភូរាជរដ្ឋាភិបាលជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ៩៥គ្រួសារក្នុងគម្រោងចិញ្ចឹមជ្រូកកណ្ដុរ

នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះសំណេះសំណាល ពិនិត្យការសាងសង់ទ្រុងជ្រូក និងការចិញ្ចឹមជ្រូកកណ្តុរ នៅតាមផ្ទះបងប្អូនអតីតយុទ្ធជន និងនិវត្តជនស្ថិតនៅក្នុងភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន និងនិវត្តជន ទាំង ៩៥គ្រួសារថា គម្រោងចិញ្ចឹមជ្រូកកណ្តុរនេះគឺជាគម្រោងមួយដ៏ល្អ ដែលនឹងជួយជំរុញជីវភាពគ្រួសារបងប្អូនអតីតយុទ្ធជន និងនិវត្តជនក្នុង ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងនេះកាន់តែរីកចម្រើនទៅមុខ តាមគម្រោងក្នុងមួយគ្រួសារនឹងទទួលបានជ្រូកកណ្តុរចំនួន ២៤ក្បាល ក្នុងនោះ ជ្រូកមេចំនួន ២០ក្បាល និងជ្រូកបា៤ក្បាល។
ឯកឧត្តមបណ្ឌិត កៅ ថាច បន្ថែមថា គម្រោងការចិញ្ចឹមជ្រូកកណ្តុរនេះគឺជាការរៀបចំដោយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមាន ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាអ្នកដឹកនាំគម្រោងផ្ទាល់ ដោយសហការជាមួយក្រុមហ៊ុន Little Duckling និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអ្នកផ្តល់កម្ចី។ ឯកឧត្តមបន្តថា ចំពោះការរៀបចំទ្រុង ផ្តល់ជូនពូជជ្រូក រកទីផ្សារ បច្ចេកទេសចិញ្ចឹម គម្រោងនឹងផ្តល់ជូនបងប្អូនទាំងអស់ ហើយអ្វីដែលបងប្អូនត្រូវធ្វើគឺ ពេលទទួលបានជ្រូកទៅចិញ្ចឹមហើយសូមខំប្រឹងចិញ្ចឹមដោយយកចិត្តទុកដាក់ ថែទាំតាមអ្នកបច្ចេកទេសបានបង្រៀន និងត្រូវខិតខំដាំដំណាំដែលជាចំណីជ្រូកបន្ថែមដើម្បីកាត់បន្ថយការចំណាយថ្លៃដើម។
បន្ទាប់ពីជួបសំណេះសំណាល ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជូនដំណើរ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងប្រតិភូ ចុះពិនិត្យការសាងសង់ទ្រុងជ្រូក និងការចិញ្ចឹមជ្រូកកណ្តុរនៅតាមផ្ទះបងប្អូនអតីតយុទ្ធជន និងនិវត្តជននៅក្នុងភូមិ និងបានរាយការណ៍ពីវឌ្ឍនភាពនៃការវិវឌ្ឍនៃគម្រោងចិញ្ចឹមជ្រូកនេះជូនប្រតិភូផងដែរ។
ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី មានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះគម្រោងចិញ្ចឹមជ្រូកកណ្តុរបានជ្រើសរើសគ្រួសារអតីតយុទ្ធជន និងនិវត្តជនដែលរស់នៅក្នុងភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង នេះចំនួន ៩៥គ្រួសារ ក្នុងគម្រោង ១០០គ្រួសារសម្រាប់ការផ្តល់ជ្រូកយកទៅចិញ្ចឹម។ ឯកឧត្តមអ្នកឧកញ៉ា បន្តថាដំណាក់កាលដំបូងនេះគឺបានរៀបចំទ្រុងជ្រូក និងផ្តល់ពូជជ្រូកជូន ៥គ្រួសារដែលដីមានអំណោយផល និងមានដំណាំស្រាប់ ហើយនឹងបន្តសាងសង់ទ្រុង និងផ្តល់ពូជជ្រូកជូនដល់គ្រួសារផ្សេងៗជាបន្តបន្ទាប់ ដោយគ្រោងនឹងបញ្ចប់នាពេលខាងមុខឆាប់ៗនេះ។
សូមបញ្ជាក់ថា គម្រោងចិញ្ចឹមជ្រូកកណ្ដុរនៅ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង គឺជាគំនិតផ្តួចផ្តើម របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សហការជាមួយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្រុមហ៊ុនឯកជន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារអតីតយុទ្ធជន និងនិវត្តជន ជំរុញការអភិវឌ្ឍ បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍។ គម្រោងនេះគ្រោងប្រើប្រាស់ផ្ទៃដីជាង ១០០ ហិកតា សម្រាប់រៀបចំជាកសិដ្ឋានចិញ្ចឹមសត្វ និងដំណាំកសិកម្មចម្រុះដែលជាផ្នែកមួយនៃការអភិវឌ្ឍវិស័យចិញ្ចឹមសត្វនៅក្នុងតំបន់ ដោយផ្តល់ពូជជ្រូកជូនក្នុង ១គ្រួសារ ពី ២០ ទៅ ៥០ក្បាល៕


