ប្រតិភូជាសមាជិកនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ បានមកដល់ខេត្តសៀមរាប ជាផ្លូវការ

នៅថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០២៥នេះ គណៈប្រតិភូជាសមាជិកមកពីបណ្ដាប្រទេសមួយចំនួន នៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ បានមកដល់ខេត្តសៀមរាប ជាបន្តបន្ទាប់ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ដោយ ឯកឧតម កឹម គុណ វឌ្ឍន៍ ឯកឧត្តម កៅ អ៊ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន រួមនឹងប្រតិភូក្រសួង ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
សូមជម្រាបថា សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១-២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅលើទឹកដីសៀមរាបអង្គរ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។ ក្នុងសន្និសីទនេះដែរ នឹងមានការចូលរួមពីថ្នាក់រដ្ឋមន្រ្តី អ្នកជំនាញគោលនយោបាយ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអ្នកសារព័ត៌មាន ៣៦ប្រទេស មកពីទ្វីបអាស៊ី និងលើពិភពលោក។
សម្រាប់សន្និសីទកំពូលនេះដែរ គឺជាវេទិកាធំមួយនៃការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍រវាងប្រទេសក្នុងតំបន់អាស៊ី និងបណ្ដាប្រទេសដទៃទៀត នៅលើវិស័យព័ត៌មាន និងផ្សព្វផ្សាយ។ តាមរយៈព្រឹត្តិការណ៍នេះ តួអង្គទាំងអស់នឹងចូលរួមផ្លាស់ប្ដូរនូវបទពិសោធន៍ យោបល់ និងកត់ត្រាទុកនូវអនុសាសន៍ និងធាតុចូលដែលនឹងរួមចំណែកសំខាន់សម្រាប់ការអភិវឌ្ឍវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្រោមមូលបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ»។
តាមរយៈសន្និសីទកំពូលនេះដែរ កម្ពុជាដែលជាម្ចាស់ផ្ទះរៀបចំរំពឹងថា ព្រឹត្តិការណ៍នេះនឹងអាចជួយពង្រឹងទៅលើក្របខ័ណ្ឌនៃការទូតព័ត៌មាន ដែលសំដៅទៅលើវិស័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការតភ្ជាប់ក្នុងតំបន់ និងពិភពលោកចំពោះបញ្ហាដែលជួបប្រទះរួមគឺ ព័ត៌មានក្លែងក្លាយ ហើយជាពិសេស គឺហានិភ័យនៃការកើនឡើងនៃព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)៕