ប្រតិភូក្រុមហ៊ុន ហូលីដេ ភែលេស និងអង្គរ ហ្គហ្វរីហ្សត ចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

អ្នកឧកញ៉ា ហូលិក តាន់ឌីហ្សូណូ តំណាង ឧកញ៉ា តូនី តាន់ឌីហ្សូណូ និងលោកជំទាវ មីជីកូ តូនី តាន់ឌីហ្វូណូ ក្នុងនាមក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃ ក្រុមហ៊ុន ហូលីដេ ភែលេស និងអង្គរ ហ្គហ្វរីហ្សត បានចូលរួមដាក់កម្រផ្កា និងគោរពវិញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាដ៏ក្រៀមក្រំនេះ, អ្នកឧកញ៉ា ហូលិក តាន់ឌីហ្សូណូ និងគណៈប្រតិភូ បានបង្ហាញនូវក្តីរន្ធត់តក់ស្លុតឥតឧបមា និងសូមចូលរួមសម្ដែងនូវការ សោកស្តាយ បំផុត ចំពោះមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសបង្កើត និងជាបងថ្លៃ របស់សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ ការបាត់បង់ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់ នូវបងប្រុសច្បង បងថ្លៃ លោកឪពុកធំ លោកឪពុក លោកឪពុកក្មេក ជីតា ជាទីគោរពស្រលាញ់ប្រកបដោយសង្គហធម៌ ដែលបានលះបង់យ៉ាងច្រើនសម្រាប់ក្រុមគ្រួសារ និងជាការបាត់បង់នូវឥស្សរជន ដែលបានរួមចំណែក យ៉ាងធំធេងក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ដែលបានចូលរួមកសាងសមិទ្ធផលនានា ជាច្រើនទាំងក្នុងពុទ្ធចក្រ និងអាណាចក្រ។
ក្នុងវេលាពោរពេញដោយសមានទុក្ខដ៏សង្វេគនេះ, អ្នកឧកញ៉ា ហូលិក តាន់ឌីហ្សូណូ និងគណៈប្រតិភូ បានចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ក្រុមគ្រួសារទាំងមូល និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រី វិសិដ្ឋ ហ៊ុន សាន សូមបានយោនយោគក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕