នាព្រឹកថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២៥
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូចំនួន ១២រូប ទៅចូលរួមការប្រកួតជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅសាលសន្និសីទ World Trade Center Metro ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។
សម្រាប់ឆ្នាំ២០២៥នេះ ក្រសួងទេសចរណ៍បានដឹកបេក្ខជននិងបេក្ខនារី ចំនួន ៦រូប ទៅចូលរួមប្រកួតលើមុខជំនាញចំនួន៤ ដែលរួមមាន៖
– ជំនាញដុតនំ (Bakery) ៖ មានបេក្ខជនចំនួន ១ រូប មកពីវិទ្យានម្ហូបអាហារកម្ពុជា (ACAC)
– ជំនាញចុងភៅ (Cooking)៖ មានបេក្ខជនចំនួន ២ រូប មកពីវិទ្យានម្ហូបអាហារកម្ពុជា (ACAC)
– សេវាកម្មសណ្ឋាគារ (Hotel Reception) ៖ មានបេក្ខនារីចំនួ ១ រូប មកពីសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ ប៉េអេសអឺ (PSE)
– និងសេវាកម្មភោជនីយដ្ឋាន (Restaurant Services) ៖ មានបេក្ខជនចំនួន ១រូប និងបេក្ខនារីចំនួន ១រូប មកពីសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ ប៉េអេសអឺ (PSE)។
បេក្ខជន បេក្ខនារីទាំង ៦រូប ទទួលបានការលើកទឹកចិត្តពីក្រសួងទេសចរណ៍ និងវិទ្យាស្ថាន តាមរយៈការហ្វឹកហាត់ជំនាញវិជ្ជាជីវៈរបស់ខ្លួន និងការតាមដានវឌ្ឍនភាពនៃការហ្វឹកហាត់ជាប្រចាំ រយៈពេល ០៦ខែ ចាប់តាំងពីក្រុមការងារជំនាញទទួលបានវិញ្ញាសារប្រកួតចុងក្រោយនៅខែកុម្ភៈ ឆ្នាំ២០២៥។
សូមជម្រាបផងដែរថា ប្រទេសកម្ពុជានឹងចូលរួមប្រកួតលើជំនាញសរុបចំនួន ១១ជំនាញ រួមមាន៖ IT Software Solutions for Business, Web Technologies, Industrial Automation, Welding, Electrical Installations, Wall and Floor Tiling, Bakery, Cooking, Hotel Reception, and Restaurant Services។ ក្រសួងទេសចរណ៍ទទួលបន្ទុកដឹកនាំលើជំនាញចំនួន ០៤ជំនាញគឺ៖ ដុតនំ (Bakery), ចុងភៅ (Cooking), សេវាកម្មសណ្ឋាគារ (Hotel Reception), និងសេវាកម្មភោជនីយដ្ឋាន (Restaurant Services)។ចំពោះជំនាញចុងភៅ និងសេវាកម្មភោជនីយដ្ឋាន ក្រសួងទេសចរណ៍ ធ្លាប់មានបទពិសោធន៍ចូលរួម០៤លើក មកហើយនៅឆ្នាំ២០១២, ២០១៤, ២០១៦ និង២០១៨ ដោយឡែកជំនាញដុតនំ និងជំនាញសេវាកម្មសណ្ឋាគារ គឺជាជំនាញថ្មីសម្រាប់ការប្រកួតជំនាញអាស៊ាន៕