ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានឃាត់ខ្លួនមនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់

មនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់ ត្រូវបានឃាត់ខ្លួនដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីទីតាំងចំនួន៤កន្លែង ក្នុងខេត្តព្រះស៊ីហនុ។ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុដឹកនាំដោយលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ដោយសហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះប្រតិបត្តិបង្ក្រាបទីតាំងសង្ស័យចំនួន៤កន្លែងផ្សេងគ្នា ដែលត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងបានសង្ស័យថាបានលបលួចប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងនោះ៖

១• ទីតាំងទី១៖ សណ្ឋាគារ សៃ ណា យ៉ាង គ័ង អ៉ិនធើណេសិនណល ហូថេល ឯ.ក (SAI NA YANG GUANG INTERNATIONAL HOTEL CO.,LTD) ស្ថិតនៅក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ម្ចាស់អាជីវកម្មឈ្មោះ LI JUN ជនជាតិចិន មានអាជ្ញាបណ្ណទេសចរណ៍ លេខ៤៣៣/២៤អប.សក ក.ទ.ច មានសុពលភាពចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។
២• ទីតាំងទី២៖ ផ្ទះល្វែងជួលស្នាក់នៅមួយកន្លែង (បុរីBS អូរ១) មានទីតាំងស្ថិតនៅក្រុមទី១ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងបានធ្វើការត្រួតពិនិត្យទីតាំងជាក់ស្តែង មានកម្ពស់ ០២ជាន់ សរុបមានចំនួន ០៦បន្ទប់ ។
៣• ទីតាំងទី៣៖ ផ្ទះ២ល្វែងជួលស្នាក់នៅ (បុរីKLអូរប្រាំ) មានកម្ពស់ ០៥ជាន់ សរុបមានចំនួន ១៧បន្ទប់។
៤• ទីតាំងទី៤៖ ផ្ទះវីឡាជួលស្នាក់នៅមួយកន្លែង (អូរ៥) មានទីតាំងស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងបានធ្វើការត្រួតពិនិត្យទីតាំងជាក់ស្តែង មានកម្ពស់ ០២ជាន់ សរុបមានចំនួន ០៥បន្ទប់។

ក្នុងប្រតិបត្តិការបង្រ្កាបទាំងនេះ ក្រុមសមត្ថកិច្ចបានរឹបអូសសម្ភារៈដើម្បីរក្សាទុកវត្ថុតាង រួមមាន៖ លិខិតឆ្លងដែនសរុប ចំនួន ៣៤ក្បាល, កំព្យូទ័រចំនួន ៥៤គ្រឿង និងLaptop ចំនួន១គ្រឿង, ស្គ្រីនម៉ូនីទ័រចំនួន ០៣គ្រឿង, ទូរទស្សន៍ចំនួន ០១គ្រឿង, កាំមេរ៉ាចំនួន ០៤គ្រឿង, ទូរសព្ទចំនួន ៥៨គ្រឿង, រថយន្ត ០៣គ្រឿង, ម៉ូតូ ០២គ្រឿង, ម៉ាស៊ីនព្រីនចំនួន ០១គ្រឿង, ឧបករណ៍បំភ្លឺចំនួន ០២គ្រឿង, ម៉ាស៊ីនជំនួយភ្លេង ០១គ្រឿង, ម៉ាស៊ីនជំនួយសំឡេង(MIC) ចំនួន ០២គ្រឿង, ម៉ៃស្រូបសម្លេងចំនួន ០១ប្រអប់, ឧបករណ៍បង្វិលគ្រាប់ប៉េងប៉ុងផ្សងសំណាងចំនួន ០២, Ipad ចំនួន ០១គ្រឿង, ថ្នាំគ្រាប់សង្ស័យជាសារធាតុញៀនមួយកញ្ចប់ មានចំនួន ២៨គ្រាប់ ព្រមទាំងសម្ភារៈជាវត្ថុតាងមួយចំនួនផ្សេងទៀត។ បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងសម្ភារៈវត្ថុតាងទាំងអស់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន។