ប្រជាពលរដ្ធជាង ពីពាន់នាក់ ត្រូវបានទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃ រយៈពេលពីថ្ងៃ ដែលមានការសហការរៀបចំកម្មវិធី ពីអម្រឹត និងអង្គការរ៉ូតថារីអន្តរជាតិ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សហការជាមួយអង្គការរ៉ូតថារីអន្តរជាតិ បានរៀបចំកម្មវិធីសប្បុរសធម៌ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋប្រមាណជាង ២ពាន់នាក់ រស់នៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកត្តមបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមន៍វិនិយោគចិននៅកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា៖ ខ្ញុំពិតជាមានក្តីសប្បាយរីករាយកដែលបានចូលរួមសកម្មភាពសប្បុរសធម៌ និងថ្លែងអំណរគុណដល់ អម្រឹត ក៏ដូចជា អង្គការរ៉ូតថារី ដែលបានសហការគ្នាយ៉ាងល្អ បានផ្តល់ជាការពិនិត្យព្យាបាល ជំងឺដោយឥតគិតថ្លៃ រួមទាំងផ្តល់នូវ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈ បរិក្ខារពេទ្យ និងបរិក្ខារសិក្សា ជូនដល់មន្ទីពេទ្យ និងសាលា រួមទាំងប្រជាជន និងសិស្សានុសិស្ស ក្នុងឃុំកំពង់ភ្នំ ឲ្យបានជាប្រយោជន៍ក្នុងការប្រើប្រាស់ជាបន្ត ជាពិសេសគឺបាននាំយកមកជាមួយថវិកា ប្រាំបីម៉ឺនដុល្លា បន្ថែមទៀតសម្រាប់ការជួសជុលកែលំអរសាលាបន្ថែមទៀត។ ឯកឧត្តមបណ្ឌិត ក៏បានណែនាំដល់ប្រជាពលរដ្ឋកម្ពុជាដែលបានមកចូលរួមក្នុងកម្មវិធីនេះពីការរកចំណូលបន្ថែមនៃផលិតផលដែលមានស្រាប់ក្នុងស្រុក ដើម្បីធ្វើការណែនាំទៅក្រុមការងារអោយបានដឹងនឹងស្គាល់គុណភាពពីផលិតផលតាមតំបន់នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក និងដើម្បីអាចក្លាយជាដៃគូសហការរកស៊ី នាពេលអនាគត។ ឯកឧត្តមបណ្ឌិត បានបន្តរទៀតថាៈ អង្គការ រ៉ូថារីអន្តរជាតិ គឺជាអង្គការក្រៅរដ្ឋាភិបាល ដែលមកពីកោះចិនតៃវ៉ាន់ ដែលមានសមាជិកជាង ១.៤ លាននាក់ នៅទូទាំងពិភពលោក។ ហើយអង្គការនេះ ប្រមូលផ្តុំដោយអ្នកដឹកនាំធុរកិច្ច និងមានជំនាញដើម្បីជួយសហគមន៍ លើកកម្ពស់សុចរិតភាព ជំរុញសុច្ឆន្ទៈនិងសន្តិភាពជុំវិញពិភពលោកផង។ កម្មវិធីមនុស្សធម៌នេះបានរៀបចំដោយ គ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុអម្រឹត និងបានសហការជាមួយ អង្គការរ៉ូតថារីអន្តរជាតិ ក្នុងគោលបំណងចូលរួមចំណែកគាំទ្រ និងលើកកម្ពស់ ដល់ការគាំពារសុខុមាលភាពសហគមន៍របស់ប្រជាពលរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះ គឺរៀបចំឡើងដើម្បីជួយសម្រាលដល់ការលំបាក និងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រពលរដ្ឋ និងអភិវឌ្ឍសហគមន៍ តាមរយៈសកម្មភាពសប្បុរសធម៌ ជាច្រើនរួមមាន៖ ការពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ដោយក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្ត ដែលមកពីកោះចិនតៃវ៉ាន់ ប្រមាណជាង១០០នាក់ ដើម្បីព្យាបាលជូនប្រជាពលរដ្ឋ និងការឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលមកទទួលការពិនិត្យ និងព្យាបាលជំងឺ។ អម្រឹត មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមចំណែកឧបត្ថម្ភគាំទ្រកម្មវិធីសប្បុរសធម៌នេះឡើង។ នៅក្នុងកម្មវិធីដែលមានរយៈពេល២ថ្ងៃនេះដែរ អម្រឹត ក៏បានចែករំលែកក្តីស្រលាញ់ និងសេចក្តីសប្បុរស ដោយបានចូលរួមឧបត្ថម្ភ អាវយឺតចំនួនបួនពាន់អាវ រួមនឹងសម្ភារៈ និងវត្ថុអនុស្សាវរីយ៍មួយចំនួនទៀត ជូនប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងកម្មវិធីមនុស្សធម៌ ពិនិត្យនិងព្យាបាល ដោយមិនគិតថ្លៃនេះ។

ជាមួយគ្នានោះដែរ លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានកោតសរសើរយ៉ាងខ្លាំង ចំពោះ ចក្ខុវិស័យ ឆន្ទៈ វិជ្ជាជីវៈ និង ទឹកចិត្តមនុស្សធម៌ដ៏ មុះមុត របស់ រ៉ូតថារី និងបុគ្គលិកសុខាភិបាលស្ម័គ្រចិត្តទាំងអស់ ដែលបានផ្តួចផ្តើមនូវបេសកកម្ម ពិនិត្យព្យាបាល ជំងឺដោយឥតគិតថ្លៃ នេះឡើងជូនប្រជាពលរដ្ឋកម្ពុជា។ កិច្ចគាំទ្រ និងរួមចំណែកអភិវឌ្ឍមូលធនមនុស្ស និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងតាមសហគមន៍ គឺជាគោលដៅអាទិភាពចំបងមួយ ស្របតាមចក្ខុវិស័យនៃសកម្មភាពទំនួលខុសត្រូវសង្គម របស់គ្រឹះស្ថាន អម្រឹត។ លោកបន្តទៀតថា កន្លងមក អម្រឹត តែងតែយកចិត្តទុកដាក់ និងរួមចំណែកគាំទ្រ តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងគម្រោង និងសកម្មភាពនានា ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋផ្នែកសុខភាព និងការអប់រំ ជាមួយនឹងរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា។ លោកពេញចិត្តនូវឃ្លាមួយដែល អង្គការរ៉ូតថារីអន្តរជាតិ បានសរសេរពាក្យស្លោកថា កម្មវិធីសប្បុរសធម៌នេះមិនមែនសម្រាប់តែអ្នកមានលុយនោះទេ ប៉ុន្តែក៏សម្រាប់អ្នកមានចិត្តដែរ។ អម្រឹត ជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជាដែល ផ្តល់ផលវិជ្ជមានដល់សង្គម ។ បច្ចុប្បន្ន អម្រឹត បាន និងកំពុងបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនរបស់ខ្លួន ជាង ៨០ ម៉ឺននាក់ – មានប្រតិបត្តិការអាជីវកម្មនៅតាមសាខាចំនួន ១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ ។ អម្រឹត មានទ្រព្យសកម្មជិត ២ពាន់លានដុល្លារអាមេរិក មានប្រាក់បញ្ញើជាង ១.៤ ពាន់លានដុល្លារអាមេរិក និងផលប័ត្រប្រាក់កម្ចីជាង ១.៥ ពាន់លានដុល្លារអាមេរិក។ ភាគទុនិករបស់អម្រឹត គឺសុទ្ធសឹងជាស្ថាប័នដែលមានកិត្តិនាមខ្ពស់ផ្នែកទំនួលខុសត្រូវសង្គម រួមមាន៖ ធនាគារសាយណូផេក (Bank SinoPac) ជាភាគទុនិកធំជាងគេ និងជាធនាគារឈានមុខគេមួយនៅកោះចិនតៃវ៉ាន់ រួមជាមួយនឹងភាគទុនិកចំនួន២ទៀតគឺ សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាបុត្រសម្ព័ន្ធផ្នែកវិនិយោគ របស់ធនាគារពិភពលោក និងធនារគារវិនិយោគនៃប្រទេសហូឡង់ (FMO)ផងដែរ៕