ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ កាន់តែងាយស្រួល ក្រោយអាជ្ញាធរ ឈូសទម្លុះផ្លូវមួយខ្សែ តភ្ជាប់ពីតំបន់ទេសចរណ៍ជីផាតទៅដល់តំបន់អារ៉ែង
ខេត្តកោះកុង ៖ អាជ្ញាធរ សម្រេចឈូសទម្លុះផ្លូវមួយខ្សែ តភ្ជាប់ពីតំបន់ទេសចរណ៍ជីផាតទៅដល់តំបន់អារ៉ែង ក្នុងស្រុកថ្មបាំងខេត្តកោះកុង មានចម្ងាយជាង ៣០ គីឡូម៉ែត្រ ដើម្បីភាពងាយស្រួលដល់ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។
ឯកឧត្តម អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានដឹងថា ផ្លូវដែលអាជ្ញាធរបានឈូសសម្រួលនេះមានប្រវែងជាង ៣០ គីឡូម៉ែត្រ ដែលតភ្ជាប់ពីតំបន់ទេសចរណ៍ជីផាត ទៅដល់តំបន់អេកូទេសចរណ៍អារ៉ែងក្នុងស្រុកថ្មបាំង។ ផ្លូវនេះអាចធ្វើដំណើរបាននៅរដូវប្រាំង នៅរដូវវស្សាអាចប្រឈមមានការដាច់ខ្លះៗដែលបង្កការលំបាកសម្រាប់យានយន្តធ្វើដំណើរឆ្លងកាត់។
ក្រៅពីផ្លូវថ្មីដែលអាជ្ញាធរបានឈូសសម្រួលធ្វើដំណើរបណ្តោះអាសន្ន ផ្លូវទៅអារ៉ែងក្នុងស្រុកថ្មបាំងក៏កំពុងត្រូវបានស្ថាបនាជាផ្លូវកៅស៊ូនិងបេតុងចេញពីផ្លូវជាតិលេខ ៤៨ ដោយប្រើប្រាស់មូលនិធិពីដៃគូអភិវឌ្ឍ។
ក្រសួងអភិវឌ្ឍន៍ជនបទកំពុងស្ថាបនាផ្លូវមួយខ្សែទៅអារ៉ែងចេញពីផ្លូវជាតិលេខ ៤៨ ត្រង់គីឡូម៉ែត្រលេខ ១១៥ ដែលការសាងសង់ចែកចេញជា ៣ កំណាត់ ដោយកំណាត់ទី ១ ប្រវែង ២៦ គីឡូម៉ែត្រ ជាគម្រោងរបស់ AIB សម្រេចបានការស្ថាបនាប្រហែល ៩០% ខណៈកំណាត់ពីស្រុកថ្មបាំងដល់ស្ទឹងអារ៉ែងប្រវែង ១៦ គីឡូម៉ែត្រជាគម្រោងរបស់ CSLEP ទើបបើកការដ្ឋានសាងសង់គ្រោងចំណាយពេលប្រហែល ១ ឆ្នាំ។
កន្លងទៅកំណាត់ផ្លូវជាង ១០ គីឡូម៉ែត្រក្នុងស្រុកថ្មបាំងដែលជាគម្រោងរបស់រដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានសាងសង់បញ្ចប់ដាក់ឲ្យប្រើប្រាស់។ ផ្លូវដែលកំពុងសាងសង់ទៅស្ទឹងអារ៉ែងជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ ដែលរាប់សិបឆ្នាំមកហើយមិនមានផ្លូវធ្វើដំណើរបានងាយស្រួលនោះទេ។ ផ្លូវនេះតភ្ជាប់ផ្លូវមួយខ្សែដែលគ្រោងសាងសង់ចេញតំបន់ទេសចរណ៍ភ្នំខ្នងផ្សារក្នុងខេត្តកំពង់ស្ពឺ ដែលនឹងអាចតភ្ជាប់ទៅបណ្ដាខេត្តផ្សេងៗទៀតនៅតំបន់កណ្តាល៕



