ប្រជាពលរដ្ឋ កោតសរសើរចំពោះអាជ្ញាធរ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ដែលបានជួយជួសជុល និងក្រាលកៅស៊ូផ្លូវមួយខ្សែ នៅក្នុងមូលដ្ឋានសង្កាត់អូឬស្សីទី៤

ភ្នំពេញ៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូឬស្សីទី៤ ម្នាក់ដែលបានឡើងថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរ ដែលបានជួយជួសជុលនិងក្រាលកៅស៊ូផ្លូវមួយខ្សែ នៅក្នុងមូលដ្ឋានសង្កាត់អូឬស្សីទី៤ ជូនពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរ ។ ការលេីឡេីងនូវការកោតសរសេីរនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវ តិមា វិច្ឆិកាល អភិបាលរង តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនៅបរិវេណពហុកីឡាដ្ឋានអូឡាំពិក ខណ្ឌ៧មករា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

លោកជំទាវ តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ បានចាត់ទុកការមិនលើកឡើងជាសំណើរនិងសំណូមពរនេះ មានន័យថា៖ អាជ្ញាធរបានបំពេញការងារបំរើប្រជាពលរដ្ឋបានល្អហើយ មិនមានបញ្ហាប្រឈមនោះទេ។ លោកជំទាវ អភិបាលរងបានបញ្ជាក់ថា៖ ក្រៅពីការលើកឡើងដោយផ្ទាល់មាត់ពីសំណាក់ប្រជាពលរដ្ឋម្នាក់ខាងលើ វេទិកានេះ ក៏មានសំណើរ និងសំណូមពរ ជាលាយលក្ខណ៍អក្សរ ចំនួន៧ច្បាប់ផងដែរ។ រាល់សំណើរជាលាយលក្ខណ៍អក្សរនេះ អាជ្ញាធររាជធានីនិងធ្វើការដោះស្រាយជូននៅពេលក្រោយ។

ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងដែរថា វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោត សំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ (ភូមិ សង្កាត់មានសុវត្ថិភាព),ការអភិវឌ្ឍមូលដ្ឋាន,សុខមាលភាពប្រជាពលរដ្ឋនិងបរិស្ថាន,ការពិនិត្យការផ្តល់សេវាជូនប្រជាពលរដ្ឋ ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកយន្ត ការដោះស្រាយជូន។

ឯកឧត្ដម ម៉ប់ សារិន បានបញ្ជាក់ថា៖ វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ។ ការចូលរួមពីប្រជាពលរដ្ឋកាន់តែច្រើន ធ្វើឱ្យអាជ្ញាធរ ក្តាប់បានពីតម្រូវការ ការចង់បានរបស់ប្រជាពលរដ្ឋកាន់តែច្រើន ដើម្បីយកមកដោះស្រាយជូនពួកគាត់ ធ្វើឱ្យជីវភាព និងការរស់នៅរបស់ពួកគាត់កាន់តែ មានការអភិវឌ្ឍរីកចំរើន៕