រដ្ឋបាលស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ និងតំណាងក្រុមហ៊ុនទទួលសាងសង់ផ្លូវ បានចុះពិនិត្យស្ថានភាពផ្លូវជាក់ស្ដែង និងរៀបចំពិធីបើកការដ្ឋានជួសជុលស្ដារផ្លូវលេខ៣៧០ ឱ្យបានស្អាតឡើងវិញនិងដាក់អំពូលសូឡានៅតាមដងផ្លូវនេះបន្ថែមទៀត ចាប់ពីភូមិសាស្រ្តឃុំគោងជ័យ ឆ្ពោះទៅទីប្រជុំជនផ្សារអូររាំងឪ កែងនឹងផ្លូវជាតិលេខ១១។
សូមបញ្ជាក់ថា ផ្លូវលេខ៣៧០ មានប្រវែង៣០ ០០០ ម៉ែត្រឆ្លងកាត់ស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ និងក្រុងសួង ខេត្តត្បូងឃ្មុំ បានដំណើរការជួសជុលនិងស្តារឡើងវិញបានល្អ មានប្រវែង ២៤ ០០០ ម៉ែត្រនិងតម្លើងភ្លើងសូឡាបំភ្លឺ ជូនប្រជាពលរដ្ឋប្រើប្រាស់ រួចហើយកាលពីពេលថ្មីៗកន្លងមកនេះ។ ដោយឡែកដំណើរការជួសជុល ដំណាក់កាលទីពីរ លើកំណត់ផ្លូវនៅសល់ ប្រវែងប្រមាណ ៦ ០០០ ម៉ែត្រទៀត ចេញពីឃុំគងជ័យ ឆ្ពោះមកភ្ជាប់ផ្លូវជាតិលេខ៧ ទីប្រជុំជនស្រុកអូររាំងឪ ក៏នឹងចាប់ផ្តើមនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៦។
កន្លងមក ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានសហការ និងគាំទ្រដល់ដំណើរជួសជុលផ្លូវ៣៧០ នេះ ដើម្បីផ្តល់ប្រយោជន៍ជូនប្រជាពលតរដ្ឋ ដឹកជញ្ជូនកសិផល ធ្វើដំណើរងាយស្រួល និងជួយចូលរួមការបង្កើនសេដ្ឋកិច្ចមូលដ្ឋាន មួយកម្រិតទៀត។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បាននាំយក និងតម្លើងអំពូលសូឡា ចំនួន៦១៤ ដើម ដែលជាអំណោយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនប្រជាពលរដ្ឋ សម្រាប់បំភ្លឺតាមបណ្តោយផ្លូវលេខ៣៧០នេះ ផងដែរ។
អំពូលភ្លើងសូឡា ឬ«អំពូលភ្លើងទេវតា» ដើរដោយថាមពលពន្លឺព្រះអាទិត្យ និងបានផ្តល់ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានក្នុងខេត្តត្បូងឃ្មុំ នាពេលនេះ ពិតជាការចូលរួមចំណែក ជួយអភិវឌ្ឍនៅមូលដ្ឋាននានា សំដៅឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។
កន្លងមកនេះ ប្រជាពលរដ្ឋបានសាទរយ៉ាងខ្លាំង ចំពោះសមិទ្ធផលថ្មីលើទឹកដីស្រុកអូររាំងឪ ក៏ដូចជាតាមមូលដ្ឋាននាក្នុងខេត្តត្បូងឃ្មុំ ជាពិសេសសមិទ្ធផល ដែលជាអំណោយរបស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើសុខទុក្ខ ជួយកាត់បន្ថយការលំបាក និងជួយបង្កើនជីវភាព របស់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានទាំងអស់៕



