ប្រជាពលរដ្ឋរស់នៅភូមិជោគជ័យ និងភូមិព្រៃចាន់ប្រមាណ៥០០គ្រួសារ ទទួលអំណោយដ៏ថ្លៃថ្លាពីអង្គការគោសប្បុរសដើម្បីកម្ពុជា
សប្បុរសជនជាតិ និងអន្តរជាតិជាច្រើន បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដោយបាននាំយកនូវអំណោយជាច្រើនសន្ធឹកសន្ធាប់ ដើម្បីសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋនៅក្នុង មូលដ្ឋានខេត្តបន្ទាយមានជ័យនេះ។ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ លោក Andrew Cosi Costello ប្រធានអង្គការគោសប្បុរសដើម្បីកម្ពុជា បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកនូវ អំណោយ ដើម្បីយកមកចែកជូនដល់ប្រជាពលរដ្ឋ រស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ប្រមាណ ៥០០គ្រួសារ ដែលប្រារព្ធឡើងនៅវត្ដសុវណ្ណសិក្ខារាមព្រៃចាន់ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក Andrew Cosi Costello ប្រធានអង្គការគោសប្បុរសដើម្បីកម្ពុជា បានមានប្រសាសន៍ សំណេះសំណាលសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកទទួលអំណោយពីអង្គការនាឱកាសនេះ។ លោកប្រធានអង្គការ បានជម្រាបជូនអំពីការយកចិត្តទុកដាក់អំពីសុខទុក្ខ និងសុខមាលភាព ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យនេះទាំងមូល។ ហេតុនេះហើយ ទើបលោកប្រធានអង្គការគោសប្បុរសដើម្បីកម្ពុជា បាននាំយកនូវអំណោយយ៉ាងច្រើនសន្ធឹកសន្ធាប់ មានដូចជាអង្ករ មីជាតិ និងបន្លែ ផ្លែឈើជាច្រើនមុខ។
លោកប្រធាន បានមានប្រសាសន៍កោតសរសើរអំពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងការបន្តដឹកនាំប្រកបដោយភាពឈ្លៀសវៃប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការស្វែងរកសុខសន្តិភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។
ក្នុងឱកាសនេះដែរ លោក Andrew Cosi Costello ប្រធានអង្គការគោសប្បុរសដើម្បីកម្ពុជា ក៏បានបង្ហាញអំពីទឹកចិត្តស្រឡាញ់របស់អង្គការគោសប្បុរសដើម្បីកម្ពុជា ជាអង្គការសប្បុរសធម៌មួយ បានមកដល់ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៦ និងបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋរស់នៅតំបន់ជនបទឆ្ងាយដាច់ស្រយាល៕



