ប្រជាពលរដ្ឋពីរភូមិ ទទួលបានផ្លូវលំថ្មី ១ខ្សែប្រវែងជាង ១០គីឡូម៉ែត្រ ភ្ជាប់ទៅទីប្រជុំជន ស្រុកកែវសីមា ដើម្បីងាយស្រួលដល់ការដឹកកសិផលនានាទៅកាន់ទីផ្សារ

មណ្ឌលគិរី ៖ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មការអន្តរក្រសួងរួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព១០០% លើគម្រោងការងារផ្លូវជួសជុលថែទាំខួប ក្រាលល្បាយថ្មភ្នំ ក្នុងគម្រោងឆ្នាំ២០២៤ ដែលអនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ដើម្បីដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ ស្របពេលដែលរដូវដាំដុះផលដំណាំនានា កំពុងដុះលូតលាស់ល្អងាយស្រួលដឹកជញ្ជូនកសិផល។

ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានឲ្យដឹងថា ការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់១០០% លើគម្រោងការងារផ្លូវជួសជុលថែទាំខួប ១ខ្សែ ក្នុងឃុំស្រែព្រះ ស្រុកកែវសីមានាពេលនេះ សំដៅធ្វើយ៉ាងណាឲ្យគម្រោងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយគុណភាព ចីរភាព សុវត្ថិភាព និងប្រសិទ្ធភាព ដោយប្រើប្រាស់បច្ចេកទេសឌីជីថលទំនើប ធន់និងបម្រែបម្រួលអាកាសធាតុ និងមានសោភណ្ឌភាព។ ឯកឧត្តម បញ្ជាក់ថា ការជួសជុលផ្លូវ និងការថែទាំផ្លូវជាប្រចាំនាពេលនេះ គឺជាខ្សែផ្លូវសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋដឹកផលិតផលនានា ទៅកាន់ទីផ្សារ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ឯកឧត្តម បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សា ការេពារ និងថែទាំនូវសមិទ្ធផលទាំងនេះ ទុកប្រើប្រាស់ឲ្យបានយូរអង្វែង។

លោក ធន សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដើម្បីជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលអាស្រ័យការធ្វើដំណើរចេញចូលប្រចាំថ្ងៃ រវាងភូមិពូគង់ និងភូមិអូរច្រារ ឃុំស្រែព្រះ ឆ្ពោះទៅទីរួមស្រុកកែវសីមា ក្រុមការងាររបស់មន្ទីរបានបញ្ចប់ការស្ថាបនាផ្លូវប្រវែង ១២ ០០០ម៉ែត្រ (១២គីឡូម៉ែត្រ) ទទឹងខ្នងលើទំហំ ៦ម៉ែត្រ កម្រាស់ ២០សង្ទីម៉ែត្រ។

អាជ្ញាធរឃុំស្រែព្រះ បានឲ្យដឹងថា កន្លងទៅនេះផ្លូវធ្វើដំណើរ ពីទីប្រជុំជនស្រុកកែវសីមា ឆ្ពោះទៅឃុំស្រែព្រះ ជាពិសេសគឺភូមិពូគង់និងភូមិអូរច្រារ ជួបប្រទះផលលំបាកជាខ្លាំង មានជង្ហុកធំៗ អូរកាត់ទទឹងផ្លូវ ដុំថ្មរដិបរដុប និងរអិល។កត្តានេះបង្កឲ្យអ្នកភូមិ ជួបបញ្ហាការធ្វើដំណើរប្រកបររបរចិញ្ចឹមជីវិត សិស្សពិបាកទៅសាលារៀន អ្នកជំងឺពិបាកទៅមន្ទីរពេទ្យ ចំណែកប្រជាកសិករ មិនអាចដឹកជញ្ជូនកសិផលទាន់ពេលវេលាទៅលក់នៅទីផ្សារ បណ្តាលឲ្យធ្លាក់តម្លៃប៉ះពាល់ជីវភាពរបស់ពួកគាត់។ ប៉ុន្តែពេលនេះអ្នកភូមិបានសប្បាយចិត្ត ក្រោយផ្លូវបានធ្វើរួចងាយស្រួចធ្វើចរាចរណ៍ទៅមក ការប្រកបរបរនានាមានភាពងាយស្រួល៕

ស៉ីផុន ហ៊ុងគ្រី