ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៧៦៥គ្រួសារមកពី៣ឃុំ សម្តែងនូវសេចក្តីអំណររីករាយ ក្រោយទទួលបានអំណោយដ៏សប្បុរសពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌវេនទី៦ ត្រូវនិងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ដែលពិធីនេះត្រូវបានប្រារព្ធនៅក្នុងវត្តអង្គកំណប់ ឋិតក្នុងភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។

ឯកឧត្តម ឃឹង សារ៉ាត់មានប្រសាសន៍ថា ការដែលប្រារព្ធពិធីនេះឡើងគឺស្របពេលដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាកំពុងប្រារព្ធពិធីកាន់បិណ្ឌទី៦។
ពិធីបុណ្យនេះក៏បានឆ្លុះបញ្ចាំងពីប្រពៃណីនិងជំនឿដ៏ជ្រាលជ្រៅរបស់ប្រជាជនខ្មែខ្មែរផងដែរ។ ពិធីបុណ្យភ្ជុំបិណ្ឌបានបង្ហាញពីកាតព្វកិច្ចរបស់កូនចៅក្នុងការតបស្នងសងគុណ ក៏ដូចជាការគោរពចំពោះអ្នកមានគុណដែលបានចែកឋានទៅបរលោក។ លើសពីនេះ បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌក៏ជាឱកាសដ៏សំខាន់សម្រាប់សមាជិកគ្រួសារបានជួបជុំគ្នាក្នុងបរិយាកាសរីករាយនិងកក់ក្ដៅផងដែរ។
ឯកឧត្តម ឃឹង សារ៉ាត់ មានប្រសាសន៍ថាមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត គឺមិនទុកពលរដ្ឋណាម្នាក់ចោលនោះឡើយ សម្តេចតែងតែគិតគួរចាត់អោយតំណាងចុះសួរសុខទុក្ខនិងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជាប់ជាប្រចាំ។ទន្ទឹមនិងនេះតាមរយៈកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនាពេលកន្លងមក ដោយអតីតនាយករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកអាយុជីវិត រួមនិងការលះបង់សាច់ស្រស់ឈាមស្រស់របស់វរយុទ្ធជនខ្មែរជាច្រើនរូប ធ្វើអោយប្រទេសកម្ពុជាទទួលបាននូវសន្តិភាពពាសពេញផ្ទៃប្រទេសដែលជាកត្តាជម្រុញដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងវិស័យពុទ្ធចក្រផងដែរ។ ហើយក្នុងពេលថ្មីៗនេះ ប្រទេសកម្ពុជាបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយនឹងការបើកដំណើរការជាផ្លូវការនូវ ព្រលានយន្តហោះអន្តរជាតិតេជោ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ សមិទ្ធផលដ៏ធំសម្បើមថ្មីនេះ បានក្លាយជាមោទនភាពជាតិ និងជាច្រកទ្វារអន្តរជាតិដ៏ទំនើបមួយ ដែលតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការបើកឲ្យដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ មិនត្រឹមតែជាការលើកកម្ពស់មុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានគេរំពឹងថានឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការទាក់ទាញវិនិយោគ ពាណិជ្ជកម្ម និងជាពិសេសគឺវិស័យទេសចរណ៍។
បន្ទាប់ពីសំណេះសំណាល ឯកឧត្តម ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត់ទាំង៧៦៥គ្រួសារមកពី១២ភូមិ ឋិតក្នុងស្រុកបាទី ខេត្តតាកែវ និងស្រុកស្អាង ខេត្តកណ្តាល ដោយមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា១ម៉ឺនរៀល
ឧត្ថម្ភដល់សាលាស្រុកបាទី២លាន កម្លាំងនគបាលស្រុក១លាន អាវុធហត្ថស្រុក១លានរៀល សឹករងស្រុក១លានរៀល មេភូមិចំនួន១២ភូមិ ក្នុង១ភូមិ៥ម៉ឺន ប្រជាការពារភូមិ១លាន។
បន្ថែមលើសពីនេះឯកឧត្តម និងលោកជំទាវ បានជួយជួសជុលផ្លូវមួយខ្សែនៅភូមិតាននដើម្បីជួយសម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរក្នុងរដូវភ្ជុំបិណ្ឌនេះ។
បន្ទាប់ពីពិធីចែកអំណោយឯកឧត្តមឃឹង សារ៉ាត់ និងលោកជំទាវ បានរៀបចំពិធីញាំអាហារសាមគ្គី រួមគ្នាក្នុងវត្តអង្គកំណប់ផងដែរ។