ប្រជាពលរដ្ឋដែលជាជន ងាយរងគ្រោះដូចជា ជនចាស់ជរា ជនពិការ ជនកំព្រា ស្ត្រីមានផ្ទៃពោះ និងពលករត្រឡប់មកពីថៃ ដែលកំពុងស្នាក់នៅជំរុំស្នាក់នៅបណ្តោះ អាសន្នសុវត្ថិភាព ជំរុំវត្តបាត់ថ្កៅ នៅ ស្រុកចុងកាល់ ចំនួន២០៥គ្រួសារបានទទួលជំនួយមនុស្សធម៌សង្គ្រោះជាសាច់ប្រាក់ ពីអង្គការកែប្រែសហគមន៍ (CTO)

នៅរសៀលថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៦ អង្គការកែប្រែសហគម៍ សហការជាមកំពុងស្នាក់នៅជំរុំស្នាក់នៅបណ្តោះអាសន្នសុវត្ថិភាព វត្តបាត់ថ្កៅ ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ចំនួន២០៥គ្រួសារ ពិធីនេះចូលរួមពី លោកស្រី ហេង សុជាតិ អភិបាលរង នៃគណៈអភិបាលក្រុងសំរោង លោកស្រីធិនី មុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ ដែលជាគណៈកម្មការគ្រប់ គ្រងមណ្ឌលភៀសសឹកវត្តបាត់ថ្កៅ និងលោក យិញ យ៉ា ប្រធានអង្គការកែប្រែសហគមន៍ (CTO)។

សូមបញ្ជាក់ដែរថា ក្រោយមានការផ្ទុះអាវុធដោយសារជំលោះព្រំដែនកម្ពុជា-ថៃ ជាលើកទី២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ប្រជាជនក្នុងខេត្តឧត្តរមានជ័យបានរត់ភៀសខ្លួនយ៉ាងកំហុក ដោយការភ័យតក់ស្លុតចេញពីលំនៅដ្ឋានរបស់ខ្លួន ជាពិសេសប្រជាជននៅតាមខ្សែរបន្ទាត់ព្រំដែនចាប់ពីចំនុចប្រាសាទតាមាន់ធំ រហូតដល់ស្រុកអន្លង់វែង។ មិនត្រឹមតែប៉ុនណោះ ដោយសារស្ថានភាពសង្គ្រាមមានភាពធ្ងន់ធ្ងរជាងពីពេលដែលផ្ទុះអាវុធនៅលើកទី១ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ធ្វើឲ្យប្រជាជនមិនត្រឹមតែនៅតាមបន្ទាត់ព្រំដែនទេ សូម្បីប្រជានៅក្នុងទីរួមខេត្តទាំងមូលក៏ត្រូវបខ្ខំ ចិត្តរត់ភៀសខ្លួនចេញពីលំនៅដ្ឋានស្ទើតែទាំងស្រុង ចំណែកកន្លែងផ្តល់សេវា ទាំងគ្រឹះស្ថានរដ្ឋ និងឯកជននានាក្នុងខេត្តមួយចំនួនធំ ក៏ត្រូវបានផ្អាក និងបិតបណ្តោះអាសន្ន ហើយខ្លះបានរើបំលាស់ទីទៅកាន់ទីកន្លែងផ្សេង ព្រោះភាគីយោធាថៃបានប្រើយន្តហោះទំលាក់គ្រាប់ បាញ់ផ្លោងគ្រាប់ធុនធ្ងន់ៗ ចូលជ្រៅមកក្នុងទីប្រជុំជននៃខេត្តឧត្តរមានជ័យ បង្ករការភិតភ័យ គ្រោះថ្នាក់អាយុជីវិតជនស៊ីវិល ក៏ដូចជាខូចខាតនៅផ្ទះសំបែងភូមិដ្ឋានប្រជាជននិងហេដ្ឋារចសម្ព័ន្ធផ្សេងៗយ៉ាងធ្ងន់ធ្ងរ។

លោក យិញ យ៉ា បានមានប្រសាសន៍លើកឡើងថាតាំងពីមានជំលោះព្រំដែនមកនេះជាលើកទី៧ហើយដែលអង្គការកែប្រែសហគមន៍បានកៀរគរដៃគូរផ្តល់មូលនិធិដើម្បីចូលរួមឆ្លើយតបដល់ជនភៀសសឹក។ លោកសូមថ្លែងអំណរគុណដល់ដៃគូរផ្តល់ជំនួយអង្គការឆាលហ្វានកម្ពុជា (Child Fund Cambodia)សម្រាប់ការគាំទ្រថវិកាមកដល់អង្គការកែប្រែសហគមន៍ តាមរយះគម្រោងឆ្លើយតបបន្ទាន់ដល់កុមារនិងគ្រួសារកុមារដែលរងផលប៉ះពាល់ដោយសង្គ្រាមព្រំដែនកម្ពុជា-ថៃ។ ហើយលោកក៏សំដែងការគោរពនូវត្តមានចូលរួគណៈអធិបតី ដែលឆ្លៀតពេលវេលាដ៏មមាញឹក ផ្តល់កិត្តិយសចូលរួមក្នុងពិធីនេះ ដែលជាការបង្ហាញនូវការគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់អង្គការកែប្រែសហគមន៍ ដែលតែងតែចូលរួមចំណែកក្នុងការងារអភិវឌ្ឍក្នុងខេត្ត ក៏ដូចជាការចូលរួមពាំនាំនូវជំនួយមនុស្សធម៌ដ៏មានតម្លៃ យកមកផ្តល់ជូនដល់គ្រួសារភៀសសឹកដែលងាយរងគ្រោះខ្លាំង មានជនចាស់ជរា ជនពិការ ជនកំព្រា ស្ត្រីមានផ្ទៃពោះ និងពលករដែលបានត្រឡប់មកពីប្រទេសថៃ ចំនួន២០៥គ្រួសារ ដោយមួយគ្រួសារទទួលបានកញ្ចប់ជំនួយចំនួន ១០០,០០០រៀល។

លោកក៏បានសំដែងនូវការសោកស្តាយ ការឈឺចាប់ដែលឃើញបងប្អូនប្រជាពលរដ្ឋត្រូវរងគ្រោះ ដោយសារការជ្រើសរើសយកមធ្យោបាយដោយអាវុធមកបង្ករជំលោះដើម្បីដោះស្រាយបញ្ហាទំនាស់ព្រំដែន នាំមកនូវការខូចខាត ការឈឺចាប់ រងទុក្ខវេទនាដល់ប្រជាពលរដ្ឋស្លូតត្រង់យ៉ាងអមនុស្សធម៌ ជាពិសេសកុមារត្រូវរងគ្រោះភ័យតក់ស្លុតប៉ះពាល់ដល់ស្មារតី និងខកខានមិនបានរៀនសូត្រជាច្រើនថ្ងៃ។ លោកបញ្ជាក់ដែរថែជំនួយនេះមិនអាចបានគ្រប់គ្នាទេ និងសូមការយោគយល់អធ្យាស្រ័យពីបងប្អួនផ្សេងទៀត ត្បិតចំនួនមានកំណត់ ដូចនេះយើងត្រូវធ្វើការផ្តល់ជូនជាអទិភាពដល់យាយតាពុកម៉ែបងប្អួនដែលជាជនចាស់ជរា ជនពិការ ជនកំព្រា ស្ត្រីមានផ្ទៃពោះ និងពលករដែលវិលត្រឡប់មកពីថៃ។

លោកក៏បានអំពាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវមានស្មារតីរាំងមាំ ប្រឹងប្រែងរួមសាមគ្គីគ្នា ចេះស្រលាញ់ចែករម្លែក គ្នា មានការអត់ឧិនអធ្យោស្រ័យគ្នា ក្នុងគ្រាដែលកំពុងរត់ចោលផ្ទះសំបែងដែលជាជម្រកដ៏កក់ក្តៅមានសុភមង្គលហើយបង្ខំចិត្តមករស់នៅប្រមូលផ្តុំគ្នា នៅនឹងជំរុំដូចនេះ។ ហើយលោកក៏បួងសួងសូមឲ្យវត្ថុសក្កសិទ្ធក្នុងលោកតាមបីបាច់ថែរក្សាបងប្អូនដែលកំពុងរស់នៅក្នុងជំរុំនេះក្តី ក៏ដូចជាវីរះកងទ័ពជួរមុខសូមឲ្យបានសេចក្តីសុខសុវត្ថិភាព និងឆាប់ទទួលបាននូវសន្តិភាពពេញលេញវិលត្រឡប់មកបន្តប្រក្រតីភាពជីវភាពឡើងវិញ។

ជាចុងបញ្ចប់លោកសូមសំដែងការថ្លៃងអំណរគុណដល់អង្គការដៃគូម្ចាស់ជំនួយទាំងអស់ដែលតែងតែគាំទ្រនៅជាមួយអង្គការកែប្រែសហគមន៍ក្នុងការចូលរួមដោះស្រាយនូវតម្រូវការចាំបាច់របស់ពលរដ្ឋ រួមចំណែកជាមួយរាជរដ្ឋាភិបាលសំដៅជួយដល់សហគមន៍ឲ្យមានភាពធន់ ជាពិសេសអង្គការឆាលហ្វាន់កម្ពុជាដែលបានគាំទ្រសម្រេចអនុម័តនូវកញ្ចប់ថវិកាដើម្បីយកមករៀបចំផ្តល់ជាជំនួយមនុស្សធម៌សង្គ្រោះដល់បងប្អូននៅថ្ងៃនេះ៕