ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ កោតសរសើរលោកអភិបាលក្រុង បន្ទាប់ពីមានការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានសម្តែងការកោតសសើរ ចំពោះលោក ស្រេង សុផល ដែលចាប់តាំងពីលោកឡើងកាន់តំណែងជាអភិបាលក្រុងសិរីសោភ័ណមក មានការរីកចំរើនច្រើន ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលបង្ហាញពីការយកចិត្តទុកដាក់គិតគូពីសុខទុករបស់ពួកគាត់។
ប្រជាពលរដ្ឋបានលើកឡើងស្រដៀងគ្នាថា ចាប់តាំងពី លោក ស្រេង សុផល កាន់តំណែងជាអភិបាលក្រុងសិរីសោភ័ណមក ឃើញថាមានការរីកចំរើន ជាពិសេសកែលម្អក្រុងឲ្យមានសោភាពស្រស់ស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ កសាងសមទ្ធផលនានា ដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធលូជាដើម ដោយលោកតែងតែចុះជាប់ជាមួយប្រជាពលរដ្ឋជាប្រចាំ ដើម្បីចង់ដឹងពីសុខទុក្ខ ការលំបាក ខ្វះខាតយ៉ាងណាដើម្បីមានលទ្ធភាពជួយ និងរាយការណ៍បន្តដល់ថ្នាក់ដឹកនាំ ។
ជាក់ស្តែងថ្មីៗនេះ លោកបានដឹកនាំក្រុមការងារមូលដ្ឋានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងម្ចាស់ដី ក្នុងការបើកផ្លូវមួយខ្សែតាមសំណូមពររបស់ប្រជាពលរដ្ឋចំនួន២០គ្រួសារ ដែលបានស្នើសុំបើកផ្លូវសាធារណៈទទឹងទំហំ៨ម៉ែត្រ ចាប់ពីចំណុចខាងត្បូងជាប់នឹងរបងអង្គការកុមារមេគង្គ រហូតដល់ផ្លូវឡើងទៅផ្លូវទ្រខ្មែរ ពីមុនមកទីតាំងនេះពុំមានផ្លូវឡើយ ហើយប្រជាពលរដ្ឋ និងម្ចាស់ដី ក៏បានស្ម័គ្រចិត្តបរិច្ចាគដី និងរុះរើរបងថ្មរឹងមាំដោយយកគ្រឿងចក្រវាកម្ទេចចោល ដើម្បីប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ ពិសេសសិស្សានុសិស្សចេញចូលទៅសាលារៀន។
ជាមួយគ្នានោះដែរលោក អភិបាលក្រុង បានប្រាប់អ្នកសារព័ត៌មានថា ពាក់ព័ន្ធការបើកផ្លូវនៅចំណុចខាងលើនេះអាជ្ញាធរក្រុងសិរីសោភ័ណ បានសហការជាមួយមន្ត្រីជំនាញ អាជ្ញាធរសង្កាត់ ភូមិ និងប្រជាពលរដ្ឋ ចូលរួមសហការបើកផ្លូវនេះ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។ ហើយផ្លូវមួយខ្សែនេះអាជ្ញាធរគ្រោងធ្វើការសាងសង់ផ្លូវនាពេលខាងមុខដើម្បីបម្រើប្រយោជន៍សាធារណៈ។
លោកអភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា លោកពិតជាអរគុណខ្លាំងណាស់នូវទឹកចិត្តដ៏ធំធេងរបស់បងប្អូនប្រជាពលរដ្ឋដែលលះបង់ដី ចាប់ពីដើមផ្លូវដល់ចុងផ្លូវ រហូតស្ម័គ្រចិត្តលះបង់វាយរបងថ្មពង្រីកផ្លូវ ចូលរួមជាមួយអាជ្ញាធរ ដើម្បីជាគុណប្រយោជន៍ដ៏សំខាន់សម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំ២០៣០-២០៥០ខាងមុខនេះជាគោលដៅសម្រេច។
លោកអភិបាលក្រុងបានបញ្ជាក់ទៀតថា សម្រាប់ក្រុងសិរីសោភ័ណ្ឌមានសង្កាត់ចំនួន៧ នៅក្នុងសង្កាត់៤ ខាងក្នុងបើកបានជាង១០ខ្សែហើយ ក្នុងផ្លូវមួយខ្សែៗមធ្យមចន្លោះខ្ទង់ជាង៥០០ម៉ែត្រ ដែលបើកទម្លោះ ដែលពីមុនមកមិនមានផ្លូវ ហើយសង្កាត់ខាងក្រៅ ៣ថែមទៀតនោះ ក៏បើកបានបីខ្សែដែរ សុទ្ធតែជាការចូលរួមពីប្រជាពលរដ្ឋ៕



