ប្រជាប្រិយភាពរបស់ព្រះនាង Aiko ក្នុងព្រះជន្ម២៤ព្រះវស្សានេះ កំពុងត្រូវបានជំរុញនិងអំពាវនាវឱ្យមានកែប្រែច្បាប់ស្នងរាជ្យបន្តសម្រាប់តែបុរសភេទនៅប្រទេសជប៉ុន
ព្រះនាង Aiko របស់ប្រទេសជប៉ុន ដែលតែងតែបញ្ចេញសម្លេងលើប្រព័ន្ធផ្សព្វផ្សាយដូចតារាចម្រៀងប៉ុប បានចម្រើនវ័យឈានចូលដល់ព្រះជន្ម ២៤ ព្រះវស្សាហើយនៅថ្ងៃចន្ទនេះ។ នៅព្រឹកនេះដែរក្រុមអ្នកគាំទ្ររបស់ព្រះនាងបានចេញមកស្រែកទាមទារឲ្យមានការផ្លាស់ប្តូរច្បាប់អ្នកស្នងរាជ្យរបស់ជប៉ុនដែលមានសម្រាប់តែបុរសភេទប៉ុណ្ណោះ ដែលវាជាឱកាសហាមឃាត់វត្តមានព្រះនាង Aiko ដែលជាបុត្រីតែមួយអង្គគត់របស់ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះមាតានាម Masako ដើម្បីក្លាយជាព្រះចៅអរិរាជនី។ បើទោះបីជាពួកគេកំពុងស្ថិតក្នុងស្ថានភាពខកចិត្តលើការពិភាក្សាអំពីច្បាប់ស្នងរាជ្យត្រូវជាប់គាំង ក៏ដោយ ប៉ុន្តែវាក៏ជារឿងដែលត្រូវយកពិចារណាបន្ទាន់ផងដែរ។ របបរាជានិយមដែលកំពុងរួមតូចទៅៗរបស់ប្រទេសជប៉ុនកំពុងស្ថិតនៅលើជ្រុងមួយដែលនឹងផុតអ្នកស្នងតំណែងហើយ។ ក្មួយប្រុសវ័យជំទង់របស់ព្រះចៅអធិរាជបច្ចុប្បន្ន Naruhito គឺជាអ្នកមានសិទ្ធិស្នងរាជ្យបន្តតែម្នាក់គត់សម្រាប់អ្នកជំនាន់ក្រោយនេះ។ អ្នកជំនាញនិយាយថា៖ ការហាមឃាត់ស្ត្រីភេទដើម្បីស្នងរាជ្យក្នុងប្រទេសជប៉ុនគួរតែត្រូវបានលើកយកពិភាក្សា និង កែតម្រូវមុនពេលដែលគ្រួសាររាជវង្សក្នុងប្រទេសត្រូវរលុបបាត់នោះ ប៉ុន្តែអ្នកតាក់តែងច្បាប់របស់ក្រុមអភិរក្សនិយម រួមទាំងនាយករដ្ឋមន្ត្រីជប៉ុនថ្មីលោកស្រី Sanae Takaichi បានប្រកាសប្រឆាំងនឹងការកែប្រែនោះ។ លោក Hideya Kawanishi ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យណាហ្គោយ៉ា បានប្រាប់សារព័ត៌មានបរទេសថា៖ ទោះបីជាវាមិនត្រូវបានបញ្ជាក់ក៏ដោយ ប៉ុន្តែអ្វីដែលពួកគេកំពុងនិយាយគឺច្បាស់ណាស់ថាគាំទ្រដល់ឧត្តមភាពនៃបុរសភេទដើម្បីស្នងតំណែង ព្រោះវាវប្បធម៌និងសង្គមរបស់ពួកគេ ដែលគិតថាល្អបំផុត។ ព្រះនាង Aiko កំពុងទទួលបានការកោតសរសើរនិងចាប់អារម្មណ៍ខ្លាំងចាប់តាំងពីព្រះនាងបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិករាជវង្សពេញវ័យនៅឆ្នាំ ២០២១ និងនៅពេលដែលព្រះនាងបានធ្វើឱ្យសាធារណជនចាប់អារម្មណ៍ថាព្រះនាងមានភាពឆ្លាតវៃ រួសរាយរាក់ទាក់ យកចិត្តទុកដាក់ និងប៉ិននិយាយកំប្លែងថែមទៀតផង។ ការគាំទ្រចំពោះព្រះនាង Aiko ក្នុងនាមជាអ្នកស្នងដំណែងជាស្រ្តីនាពេលអនាគតបានកើនឡើងជាបន្តបន្ទាប់ ក្រោយពីដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ព្រះនាងទៅកាន់ប្រទេសឡាវកាលពីខែវិច្ឆិកា។ ហើយកាលពីដើមឆ្នាំនេះដែរព្រះនាង Aiko ក៏បានអមដំណើរព្រះបិតា ព្រះមាតា ជាព្រះចៅអធិរាជជប៉ុនទៅកាន់តំបន់រងគ្រោះ ណាហ្គាសាគី និងអូគីណាវ៉ា ដើម្បីសួរសុខទុកប្រជាពលរដ្ឋថែមទៀតផង។ ព្រះនាងបានដើរតាមព្រះរាជគំរូរបស់ព្រះចៅអធិរាជជាព្រះបិតា ហើយកម្មវិធីសួរសុខទុក្ខនោះវាពិតមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនជប៉ុនដែលនៅសេសសល់ក្រោយសង្គ្រាមលោកលើកទីពីរសម្រាប់មនុស្សជំនាន់ក្រោយរបស់ពួកគេ។ លោកស្រី សេតស៊ូកូ ម៉ាតស៊ូអូ ជាអ្នករស់រានមានជីវិតពីគ្រាប់បែកបរមាណូនៅណាហ្គាសាគី បានប្រាប់សារលោកស្រីពិតជាចូលចិត្ត និង គាំទ្រ ព្រះនាង Aiko ខ្លាំងណាស់ ស្នាមញញឹមរបស់ព្រះនាងដូចជាបានជួយសង្គ្រោះពួកយើងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



