ប្រជាជនហ្វីលីពីនដែលរួចផុតជីវិតពីគ្រោះរញ្ជួយដីកម្រិតខ្ពស់កំពុងស្ថិតក្នុងសំពត់តង់និងសភាពងងឹត! ខណៈមនុស្សស្លាប់ កើនដល់៧២នាក់ និង៦០០នាក់រងរបួស

ប្រជាពលរដ្ឋហ្វីលីពីនខ្លះដែលនៅរស់រានមានជីវិតពីគ្រោះរញ្ជួយដីដ៏សាហាវកាលពីយប់ម្សិលមិញ បានសម្រាកសម្រាន្តនៅខាងក្រៅផ្ទះរបស់ពួកគេចាប់តាំងពីយប់ថ្ងៃអង្គារមក បន្ទាប់ពីគ្រោះមហន្តរាយដ៏សាហាវបានបំផ្លាញផ្ទះសម្បែង និងផ្តាច់ចរន្តអគ្គិសនីរបស់ពួកគេ ឲ្យរស់នៅស្ថិតក្នុងសភាពងងឹតថែមទៀតផង។ គ្រោះរញ្ជួយដីដែលបានវាយប្រហារទីក្រុង Bogo នៃខេត្ត Cebu ភាគកណ្តាលប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃអង្គារនោះ បានសម្លាប់មនុស្សអស់៧២នាក់ហើយគិតត្រឹមថ្ងៃព្រ.ហនេះ និង ២០០នាក់ផ្សេងទៀតរងរបួស។ អ្នកភូមិជាច្រើននាក់កំពុងស្ថិតនៅជាយក្រុង Bogo ដោយស្នាក់នៅក្នុងសំពត់តង់បណ្តោះអាសន្ន ឬក្នុងយានជំនិះរបស់ពួកគេ ខណៈដែលពួកគេកំពុងរង់ចាំការផ្គត់ផ្គង់ជំនួយជាបន្តបន្ទាប់ដែរ។ អ្នកស្រុកម្នាក់ដែលមានឈ្មោះ Dianne Jusay បាននិយាយថា បន្ទាប់ពីគ្រោះរញ្ជួយដីក៏មានការព្រមានអំពីរលកយក្សស៊ូណាមិដែរ ហើយផ្ទះរបស់ពួកយើងគឺនៅជិតមាត់សមុទ្រដូចគ្នា។ ពួកយើងមានអារម្មណ៍ភ័យខ្លាចខ្លាំងណាស់។ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិតខ្លាំង ៦.៩ រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសក្នុងក្នុងជម្រៅ៥គីឡូម៉ែត្រ និងមានចំងាយប្រហែលជា១៩គីឡូម៉ែត្រភាគឦសាននៃទីក្រុង Bogo ។ វិទ្យាស្ថានបានរាយការណ៍ទៀតថា ពួកគេកំពុងតាមដាននិងកត់ត្រាឲ្យដឹងថាមុនពេលវាត្រូវរញ្ជួយដីខ្លាំងកម្រិតខ្ពស់ វាបានរញ្ជួយតិចតួចច្រើនជាង៦០០ដងហើយដែរ ចាប់តាំងពីយប់ថ្ងៃអង្គារនោះ។ ខេត្ត Cebu បានប្រកាសពីស្ថានភាពគ្រោះមហន្តរាយរញ្ជួយដីនេះ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល ជាពិសេសអង្គភាពរដ្ឋាភិបាលក្នុងតំបន់ ទទួលបានមូលនិធិសង្គ្រោះបន្ទាន់ភ្លាមៗ ដើម្បីផ្តល់ជំនួយសង្គ្រោះ និងស្តារនីតិសម្បទា ក៏ដូចជាដាក់វិធានការថ្មីៗដូចជា ការបង្កកតម្លៃទំនិញសំខាន់ៗ ដើម្បីការពារប្រជាពលរដ្ឋរបស់ពួកគេដែលបានរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីដ៏អាក្រក់នេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ