ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ដើររាប់សិបគីឡូម៉ែត្រ ដើម្បីទទួលបានកញ្ចប់ជំនួយមនុស្សធម៌ថ្មីនៅ GAZA ប៉ុន្តែបែរជាខកចិត្តទៅវិញ

ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់បានដើរតាមដងផ្លូវក្នុងចម្ងាយជិត១០គីឡូម៉ែត្រ ឆ្លងកាត់កំដៅថ្ងៃដ៏សែនក្តៅនៅតំបន់ហ្គាហ្សា ដើម្បីទៅដល់កន្លែងចែកចាយជំនួយថ្មីដែលគាំទ្រដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅ Rafah បន្ទាប់ពីពួកគេបានជួបប្រទះនឹងភាពចលាចល ហើយគ្មានអ្វីនៅក្នុងដៃ ឬមិនអាចសូម្បីចាប់យករបស់ណាមួយមកនៅក្នុងដៃរបស់ពួកគេបានដែរ។ ពួកគេខ្លះអស់កម្លាំងកំហែង និងពិបាកចិត្ត ដោយបាននិយាយខ្សាវៗទៅកាន់សារព័ត៌មានបរទេសបែបនេះបន្ទាប់ពីត្រឡប់មកពីតំបន់ Khan Younis វិញ។ ការចូលទៅកាន់មជ្ឈមណ្ឌលមូលនិធិមនុស្សធម៌ថ្មីនៅ Gaza ត្រូវបានអនុញ្ញាតឲ្យដើរដោយថ្មើរជើងតែប៉ុណ្ណោះ។ ពលរដ្ឋឈ្មោះ Osama Afifi ជាបុរសម្នាក់បានផ្លាស់ទីលំនៅដែលមានដើមកំណើតមកពី Rafah បាននិយាយថាលោកបានទៅកាន់ទៅនោះជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់លោកកាលពីថ្ងៃអង្គារម៉្លេះ ដោយរំពឹងថានឹងមានប្រព័ន្ធចែកចាយជំនួយដែលបានរៀបចំទុកឲ្យពួកគេ។ ផ្ទុយទៅវិញលោកបានរកឃើញហ្វូងមនុស្សដែលរុញច្រានគ្នាដើម្បីទៅស្វែងរកជំនួយរាប់មិនអស់ ព្រោះតែភាពអត់ឃ្លាន។ ហើយលោកខ្លួនឯងក៏មិនបានទទួលជំនួយដែរ ហើយលោកពិតជាស្រេកឃ្លានខ្លាំងណាស់។ ចំណែក Sameh Shallouf បាននិយាយថា “មនុស្សធ្វើសង្រ្គាមបានបំផ្លាញអ្វីៗទាំងអស់នៅខាងក្នុងតំបន់ដែលយើងរស់នៅ … យើងមានតែប្រអប់រហែកដើម្បីដាក់របស់នៅសេសសល់ និងថង់ដាក់អង្ករ៥គីឡូក្រាមដាច់ដោចតែប៉ុណ្ណោះ។ បុរសម្នាក់បានបោះថង់ចោលទៅលើដីដោយមានតែអង្ករប៉ុន្មានគ្រាប់ ខណៈបុរសម្នាក់ទៀតបានកាន់ថង់ម្សៅ ប៉ាស្តា អំបិល និងក្រីមកាហ្វេ ដែលរបស់ទាំងនេះគឺមិនអាចធ្វើឲ្យពួកគេមានកម្លាំងដូចគ្រាប់បាយនោះទេ។ មនុស្សខ្លះដើរចេញមកមានតែដបប្រេងឆាឬអាហារពីរទៅបីកំប៉ុងតែប៉ុណ្ណោះ គឺផ្ទុយពីជំនួយដែលពួកគេធ្លាប់ទទួលបានពីមុនមក វាជារឿងមិនត្រឹមត្រូវទាល់តែសោះ ដែលជំនួយមនុស្សធម៌ថ្មី មិនមានអ្វីដែលឲ្យពួកគេបរិភោគឲ្យមានកម្លាំងនោះ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ