ប្រជាជនប៉ាឡេស្ទីនតស៊ូជម្លៀសខ្លួនជាថ្មីយ៉ាងរខេករខាក និង ប្រញ៉ាប់ប្រញ៉ាល់! បន្ទាប់ពីអ៊ីស្រាអែលបញ្ជាឲ្យត្រៀមវាយ កម្ទេចជម្រកចុងក្រោយរបស់ក្រុមហាម៉ាស

ប្រជាជនប៉ាឡេស្ទីនដែលត្រូវគេបង្ខំឱ្យចាកចេញពីទីក្រុង Gaza កាលពីថ្ងៃពុធនេះបានប្រឈមមុខនឹងការផ្លាស់ទីលំនៅមួយផ្សេងទៀត ដោយពួកគេត្រូវតស៊ូដឹកជញ្ជូនរបស់របរនានារបស់ពួកគេ និងស្វែងរកទីជម្រកថ្មីសម្រាប់ជ្រកកោនដោយមធ្យោបាយមានកំណត់។ យោធាអ៊ីស្រាអែលកាលពីថ្ងៃអង្គារនេះបានបញ្ជាឱ្យប្រជាជននៅទីក្រុង Gaza ជម្លៀសខ្លួនចេញមុនពេលការវាយលុករបស់ពួកគេដែលបានគ្រោងទុកដើម្បីដណ្តើមយកអ្វីដែលខ្លួនពិពណ៌នាថាជាបន្ទាយចុងក្រោយរបស់ក្រុមហាម៉ាស ទោះបីជាមានមនុស្សរាប់រយ រាប់ពាន់នាក់ស្ថិតក្នុងស្ថានភាពទុរ្ភិក្ស និងមនុស្សជាច្រើននាក់មិនព្រមចាកចេញដោយសារតែខ្វះទីជម្រកនៅភាគខាងត្បូង និងតម្លៃថ្លៃពីការផ្លាស់ប្តូរនោះក៏ដោយ។ យានជំនិះរាប់សិបគ្រឿង មានទាំងម៉ូតូ និងរទេះសត្វលាដែលផ្ទុកដោយរបស់របរបប្រើប្រាស់ជាច្រើនបានតម្រង់ជួរឆ្លងកាត់តាមផ្លូវមាត់សមុទ្ររបស់ទីក្រុង Gaza ដោយចាកចេញពីទីក្រុងនេះជាហូរហែរ។ នាង Amal Sobh ដែលជាពលរដ្ឋផ្លាស់ទីលំនៅពី Beit Lahia ជាមួយសាច់ញាតិចំនួន ៣០នាក់ទៀត រួមទាំងកុមារកំព្រាចំនួន ១៣ នាក់ បាននិយាយថា TukTuk ដែលជារ៉ឺម៉កកង់បី ដែលផ្ទុករបស់របររបស់ពួកគេបានខូច ហើយពួកគេគ្មានសាំង ដែលទុកឱ្យគ្រួសារជាប់គាំងនៅតាមដងផ្លូវតាំងពីព្រឹកថ្ងៃពុធមក។ បន្ទាប់ពីក្មេងប្រុសម្នាក់ក្នុងគ្រួសារនាងបានធ្លាក់ខ្លួនឈឺដោយគ្រុនក្តៅ គ្មានអាហារ និងគ្មានថ្នាំព្យាបាល! របស់តែមួយគត់ដែលពួកគេមានគឺនំប៉័ងដែលអ្នកដំណើរម្នាក់បានផ្តល់ឱ្យពួកគេ។ ការប៉ុនប៉ងជម្លៀសមនុស្សជាច្រើនរយពាន់នាក់កំពុងធ្វើឡើង ដូច្នេះគឺវាមានរបស់របរតិចតួចដែលពួកគេបានយកជាប់ជាមួយ ទោះបីជាត្រូវបាត់បង់របស់របរជាច្រើនក៏ដោយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ