ប្រជាជនគុយបាជាង៥ម៉ឺននាក់កំពុងស្ថិតក្នុងស្ថានភាពលំបាកជិត១ខែមកហើយ! បន្ទាប់ពីព្យុះសង្ឃរា Melissa វាយប្រហារភូមិឋានរបស់ពួកគេ
ប្រជាជនគុយបារាប់ពាន់នាក់នៅតែគ្មានអគ្គិសនី និងទឹកប្រើប្រាស់ ឬគ្មានទីជម្រកសមរម្យរស់នៅទេ ក្នុងរយៈពេលជិតមួយខែមកនេះ បន្ទាប់ពីព្យុះសង្ឃរា Melissa បានវាយប្រហារតំបន់ភាគខាងកើតនៃដែនកោះរបស់ពួកគេ ដោយសារតែឥទ្ធិពលនៃព្យុះអាត្លង់ទិកដ៏ខ្លាំងបំផុតមួយនេះក្នុងប្រវត្តិសាស្ត្រ។ អង្គការសហប្រជាជាតិបានរាយការណ៍ថាមនុស្សជាង ៥៣.០០០ នាក់នៅក្នុងប្រទេសគុយបាមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានទេ រួមទាំង មនុស្ស៧.៥០០នាក់បានរស់នៅក្នុងជម្រកបណ្តោះអាសន្នផ្លូវការ។ ថ្មីៗនេះអ្នកស្រី Altagracia Fonseca Rodríguez អាយុ ៦៥ ឆ្នាំ ដែលជាអ្នកចូលនិវត្តន៍ម្នាក់ បានដើរឆ្លងកាន់ទន្លេក្បែរខាងនោះ ដើម្បីបោកគក់សម្លៀកបំពាក់ហើយវាជាអ្វីដែលអ្នកស្រីអាចជួយសង្គ្រោះពួកគេបានបន្ទាប់ពីព្យុះកំណាចនោះ។ មុនពេលមានព្យុះ សង្ឃរា Melissa បានវាយប្រហារតតំបន់រងគ្រោះ អ្នកស្រីក៏ធ្លាប់បានគេជម្លៀសចេញ ហើយវេចខ្ចប់តែសម្លៀកបំពាក់ពីរកប្លែប៉ុណ្ណោះ ក្នុងនោះក៏មានច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ និងកន្សែងមួយដែរ។ អ្នកស្រីបញ្ជាក់ទាំងទឹកភ្នែកហូរថា៖ ខ្ញុំបានវេចខ្ចប់របស់របរនានាដូចស្ថានភាពជម្លៀសមនុស្សចេញឆ្ងាយដែរ វាពិតជាស្ថានភាពដ៏លំបាកណាស់សម្រាប់ពួកយើង។ ខ្ញុំមិនដែលស្រមៃសោះថាខ្ញុំនឹងអាចឃើញផ្ទះរបស់ខ្ញុំវិញ ហើយកាន់តែមិននឹកស្មានថាវាបានស្ថិតក្នុងសភាពយ៉ាងទ្រុឌទ្រោមបែបនេះ វាពិតជារឿងសោកសៅ និងឈឺចាប់ខ្លាំងណាស់។ យោងតាមរបាយការណ៍ចុះផ្សាយថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅនៅក្នុងទំព័រកាសែតផ្លូវការ Granma បានឲ្យដឹងថាមានមនុស្សជាង ២៣០០នាក់ត្រូវជម្លៀសចេញពីតំបន់ Río Cauto និងមនុស្សជាង ៧៥០នាក់ស្នាក់នៅក្នុងផ្ទះឯកជន បន្ទាប់ពីព្យុះសង្ឃរាវាយប្រហារពួកគេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



