ប្រជាជនកូរ៉េលើកឡើងអំពីបញ្ហាជាប់គាំងនានាជូនដល់ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីលោក Lee Jae-myung ដើម្បីដោះស្រាយបន្ទាន់ ក្រោយពីលោកជាប់ឆ្នោតភ្លាមៗ

ក្រោយពីប៉ុន្មានម៉ោងបន្ទាប់ពីលោក Lee Jae-myung ត្រូវបានគេប្រកាសថាបានជាប់ឆ្នោតនិងបានជ្រើសរើសក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសកូរ៉េខាងត្បូង ប្រជាជនមួយចំនួននៅទីក្រុងសេអ៊ូលបានជជែកពិភាក្សាគ្នាស្តីអំពីបញ្ហាដែលពួកគេចង់ឲ្យលោកប្រធានាធិបតីថ្មីដោះស្រាយភ្លាមៗបន្ទាប់ទទួលបានមុខតំណែងកំពូលនេះ។ យោងតាមការបញ្ជាក់របស់និស្សិតនៃសាកលវិទ្យាល័យមួយដែលមានអាយុ ២២ ឆ្នាំម្នាក់ដែលមានឈ្មោះថា Park Soo Hyun បាននិយាយថា៖ ខ្ញុំសង្ឃឹមថាលោកប្រធានាធិបតី Lee នឹងអាចស្ដារឡើងវិញនូវការរួបរួមគ្នាបញ្ហាជាច្រើនសម្រាប់សាធារណជនដែលធ្លាប់បែកបាក់គ្នានិងច្របូកច្របល់កំឡុងពេលអស្ថេរភាពនៃនយោបាយផ្ទៃក្នុងកន្លងមក។ ជាងនេះទៅទៀតអ្នកជំនួញអាយុ៥៦ឆ្នាំម្នាក់ឈ្មោះ Jeong Min Doo បាននិយាយថា៖ គាត់ចង់ឲ្យលោក Lee ជួយឲ្យសេដ្ឋកិច្ចកូរ៉េខាងត្បូងមានភាពប្រសើរឡើងវិញ ក្រោយពីធូររលុងរាប់សិបខែមកនេះ។ គួរបញ្ជាក់ថា លោក Lee មានអាយុ ៦០ ឆ្នាំ ជាបេក្ខភាពមកពីគណបក្សប្រឆាំងសេរីប្រជាធិបតេយ្យ បានចូលកាន់មុខតំណែងប្រធានាធិបតីថ្មីរបស់កូរ៉េសម្រាប់រយៈពេល៥ឆ្នាំពេញ ជំនួសលោកYoon Suk Yeol ដែលជាអតីតប្រធានាធិបតី នឹងអ្នកមកពីបក្សអភិរក្សនិយមហើយត្រូវបានគេដកហូតតំណែង ក្នុងបទចោទប្រកាន់ថាបានដាក់ប្រទេសក្នុងភាពវឹកវរដោយបានប្រកាសឲ្យប្រើច្បាប់អាជ្ញាសឹកដ៏កម្រកាលពីខែធ្នូឆ្នាំ២០២៤កន្លងទៅ។ យ៉ាងណាមិញនៅមិនទាន់ច្បាស់ទេថាតើការជាប់ឆ្នោតរបស់លោក Lee នឹងអាចនាំឲ្យមានការប្រែប្រួលនូវស្ថានភាពជាច្រើនភ្លាមៗ ក្នុងនយោបាយក្រៅប្រទេសរបស់កូរ៉េខាងត្បូងយ៉ាងណានៅឡើយទេ។ ពេលលោក Lee ជាប់ឆ្នោតភ្លាមលោកក៏ត្រូវបានអ្នកវិភាគចោទថា មានទំនោរទៅកាន់ប្រទេសចិននិងកូរ៉េខាងជើង និងចាកចេញឆ្ងាយពីទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនិងជប៉ុន ប៉ុន្តែក្នុងពេលចុងក្រោយនេះ លោកក៏បានចេញមុខឆ្លើបតបជាប្រចាំថា៖ សម្ព័ន្ធភាពរវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក គឺជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់កូរ៉េដដែល។ ជាងនេះទៅទៀត លោក Lee Jae-Myung ដែលប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូងថ្មីបានថ្លែងនៅព្រឹកថ្ងៃពុធនេះថា៖ លោកនឹងខិតខំប្រឹងប្រែងដើម្បីបើកកិច្ចសន្ទនាជាមួយកូរ៉េខាងជើងស្របពេលដែលលោកក៏មានបំណងរក្សាមិត្តភាពជាដៃគូជាមួយសហរដ្ឋអាមេរិកនិងជប៉ុនដែរ។ បន្ទាប់ពីទទួលបានដំណឹងដ៏រីករាយនេះភ្លាមនាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba បានចេញមកអបអរសាទរដល់ប្រធានាធិបតីថ្មីនៃសាធារណរដ្ឋកូរ៉េ លោក Lee Jae-myung ហើយលោកបានបញ្ជាក់ថា៖ លោកមានបំណងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរជប៉ុន-កូរ៉េខាងត្បូង ព្រមទាំងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដែលជាដៃគូរសហការដ៏ធំរបស់ប្រទេសយើងទាំងពីរផងដែរ។ លោក Ishiba សង្ឃឹមថានឹងអាចជម្រុញទំនាក់ទំនងជាមួយកូរ៉េខាងត្បូងឲ្យកាន់តែសកម្មជាងមុន និងពិភាក្សាគ្នាពាក់ព័ន្ធនឹងបញ្ហារួមដូចជាសន្តិសុខ បញ្ហាការទូត និងបញ្ហាប្រឈមនានាដែលកើតមកពីការធ្លាក់ចុះយ៉ាងលឿននៃចំនួនប្រជាជននិងភាពចាស់ជរារបស់ពួកគេ។ គួរបញ្ជាក់ថាជប៉ុន និងកូរ៉េខាងត្បូងនឹងប្រារព្ធពិធីអបអរសាទរខួបលើកទី៦០នៃការស្តារទំនាក់ទំនងពួកគេឡើងវិញនៅឆ្នាំនេះផងដែរ៕

 

 

សម្រួលអត្ថបទ៖ ឡុង បញ្ញា