ភ្នំពេញ ៖ ប្រសិនបើនរណាម្នាក់ បត់ជើងតូច (នោម) នៅទីសាធារណ: ហើយធ្វើអោយគេឃើញប្រដាប់ភេទនោះ អ្នកនោះអាចនឹងប្រឈម បទល្មើសព្រហ្មទណ្ឌដែលហៅថា «បទបង្ហាញកេរភេទ»។ នេះគឺជាការអះអាងរបស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅក្នុងវីដេអូដែលត្រូវផ្សាយពេលថ្មីៗនេះ។ ឯកឧត្តម កើត រិទ្ធ បាននិយាយថា ប្រជាពលរដ្ឋខ្លះប្រហែលជាមិនបានដឹងទេថា បទល្មលើសនេះ មានចែងក្នុងច្បាប់នោះទេ។ នរណាក៏ដោយ បើសិនជាបន្ទោរបង់នៅទីសាធារណ: ហើយធ្វើអោយគេឃើញប្រដាប់ភេទគឺអាចប្រឈមមុខ នឹងការផ្តន្ទាទោស តាមច្បាប់ ដោយអាចជាប់គុកដល់១ខែផង។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានពន្យល់ថា បើសិនជានរណាម្នាក់បទជើងតូចនៅទីសាធារណ: ហើយ អោយគេឃើញប្រដាប់ភេទរបស់គាត់នោះ វានឹងក្លាយជាបទល្មើសដែលត្រូវផ្តន្ទាទោស។ ចំណែកមាត្រា២៩២ នៃក្រមព្រហ្មទណ្ឌ បានចែងថា ការបង្ហាញប្រដាប់ភេទជាសាធារណៈអាចជាប់ពិន័យជាប្រាក់ និងឬឃុំខ្លួនពី១ថ្ងៃដល់១ខែ៕ ដោយៈ សាវរក្ស