បំណែកសពយន្តហោះដឹកទំនិញ Boeing 747 ត្រូវបានស្រង់ចេញពីទឹកសមុទ្រនៃព្រលានយន្តហោះហុងកុងហើយ បន្ទាប់ធ្លាក់ចេញពីផ្លូវរត់សម្លាប់មនុស្ស២នាក់

អាជ្ញាធរហុងកុងបានសម្អាតបំណែកយន្តហោះដឹកទំនិញដែលជួបគ្រោះថ្នាក់ធ្លាក់ចេញពីផ្លូវរត់ហើយមួយកាលពីថ្ងៃអាទិត្យ ដែលវាបានរេចង្កូតចេញពីផ្លូវនិងជ្រុលទៅរថយន្តបុកបុគ្គលិកព្រលានយន្តហោះ ហើយធ្លាក់ចូលទៅក្នុងទឹកសមុទ្រតែម្តង។ យន្តហោះ Boeing 747 ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ ACT Airlines បានរអិលធ្លាក់ចូលទៅក្នុងទឹក បន្ទាប់ពីចុះចតកាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយបានបុកជាមួយរថយន្តបុគ្គលិកល្បាត សម្លាប់មនុស្សពីរនាក់ ប៉ុន្តែអ្នកបើកបរ និង សមាជិក៤នាក់ទៀត មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។ នាវាសង្គ្រោះមួយគ្រឿងបានលើកផ្នែកខាងមុខនៃតួរយន្តហោះចេញពីទឹកនៅរសៀលថ្ងៃអាទិត្យនោះ។ មកដល់ពេលនេះក្រុមអ្នកស៊ើបអង្កេតនៅតែកំពុងធ្វើការងារយ៉ាងយកចិត្តទុកដាក់ដើម្បីកំណត់ពីមូលហេតុពិតប្រាកដដែលបណ្តាលឲ្យធ្លាក់ចេញពីផ្លូវរត់បែបនេះ បន្ទាប់ពីអ្នកជំនាញនឹងអ្នកវិភាគទិន្នន័យពីឧបករណ៍ថតទិន្នន័យហោះហើរ និងឧបករណ៍ថតសំឡេងក្នុងកាប៊ីនយន្តហោះ ឬ Black Box ដែលទាញយកបានកាលពី ពីរថ្ងៃមុននោះ។ របាយការណ៍ជាបឋមត្រូវបានគេរំពឹងថានឹងចេញផ្សាយជាសាធារណៈក្នុងរយៈពេលមួយខែទៀត បើទោះបីជាមានការអះអាងនូវហេតុការណ៍គ្រោះថ្នាក់នេះ ពីមន្រ្តីព្រលានយន្តហោះថា អាចបណ្តាលពីការធ្វេសប្រហែសរបស់អ្នកបើកបរផ្ទាល់ មិនបានផ្តល់សញ្ញាសុំជំនួយមុនពេលចុះចតក្តី៕

សម្រួលអត្ថបទ៖ សុផារិន្ទ