បែកធ្លាយវីដេអូអ្នកដំណើររាប់រយនាក់ដែលលោតចេញពីសាឡាងដែលឆាបឆេះនៅឥណ្ឌូណេស៊ី សម្លាប់មនុស្ស៣នាក់ និង ២នាក់ទៀតនៅបាត់ខ្លួននៅឡើយ

ក្រុមអ្នកជួយសង្គ្រោះបាននិយាយកាលពីថ្ងៃចន្ទនេះថា ចំនួនមនុស្សដែលត្រូវបានជួយសង្គ្រោះពីហេតុការណ៍ឆេះសាឡាងឥណ្ឌូណេស៊ីបានកើនឡើងដល់ ៥៧៥នាក់ហើយ ប៉ុន្តែអ្នកជួយសង្គ្រោះបានឲ្យដឹងទៀតថាមនុស្ស៣នាក់បានស្លាប់ និង២នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។ យោងតាមឧត្តមនាវីទោលោក Franky Pasuna Sihombing ជាមេបញ្ជាការមូលដ្ឋានទ័ពជើងទឹក Manado បានឱ្យដឹងថាកប៉ាល់ KM Barcelona 5 នេះបានឆាបឆេះនៅពាក់កណ្តាលថ្ងៃអាទិត្យចុងសប្តាហ៍នេះ ខណៈដែលវាបានធ្វើដំណើរទៅកាន់ទីក្រុង Manado នៃខេត្ត North Sulawesi ក្នុងរយៈពេលកន្លះថ្ងៃរបស់ខ្លួនពីកំពង់ផែ Melonguane ក្នុងស្រុក Talaud Islands ក្នុងខេត្តតែមួយ។ រូបភាពវីដេអូបានបង្ហាញពីមនុស្សជាច្រើនបានលោតចុះទៅក្នុងទឹក ខណៈដែលសាឡាងនោះត្រូវអណ្តាតភ្លើងឆាបឆេះនៅផ្ទៃខាងក្រោយពួកគេ។ លោក Sihombing បាននិយាយថាមានឆ្មាំឆ្នេរសមុទ្រ នាវាសង្គ្រោះចំនួន៦ និងទូកតូចធំជាច្រើនត្រូវបានដាក់ពង្រាយក្នុងប្រតិបត្តិការជួយសង្គ្រោះនេះបានទាន់ពេលវេលា។ ក្រុមនាវិកបានទាញមនុស្សជាច្រើនរយនាក់ចេញពីសមុទ្រ ហើយនាំពួកគេទៅកាន់កោះក្បែរខាងនោះ ហើយអ្នកនេសាទក្នុងតំបន់ក៏បានចូលរួមជួយសង្គ្រោះអ្នកនៅរស់រានខ្លះដោយបំពាក់អាវសុវត្ថិភាពដល់ពួកគេដែរ អំឡុងពេលដែលពួកគេបានរសាត់ពាសពេញផ្ទៃទឹកយ៉ាងច្របូកច្របល់។ រូបថត និងរូបភាពវីដេអូដែលត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឲ្យឃើញថាស្ថានភាពអ្នកដំណើរពិតជាភ័យរន្ធត់ បើទោះបីជាពួកគេភាគច្រើនបានពាក់អាវពងសុវត្ថិភាពការពារអាយុជីវិតក្តី ដោយខ្លះបានលោតចូលទៅក្នុងសមុទ្រ ខណៈដែលអណ្តាតភ្លើង និងផ្សែងខ្មៅបក់បោកចេញពីនាវាដែលកំពុងឆាបឆេះនោះ។ លោក Sihombing បាននិយាយទៀតថា ភ្លើងដែលបានចាប់ផ្តើមឆេះគឺនៅផ្នែកខាងក្នុងសាឡាងនឹងត្រូវបានគេពន្លត់ក្នុងរយៈពេលមួយម៉ោងក្រោយមក៕
សម្រួលអត្ថបទ៖ សុផារិន្ទ