បេសកកម្ម ២ថ្ងៃ ស្វែងយល់ពីកិច្ចខិតខំប្រឹងប្រែងអភិរក្សជលផលទឹកសាប ក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ 

បេសកកម្មរយៈពេល ២ថ្ងៃ ស្វែងយល់ពីសក្ដានុពលវិស័យជលផល ក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ ស្របពេលជាមួយនៃការប្រារព្ធទិវាភពផែនដីរបស់កម្ពុជា ក្រោមប្រធានបទ “ថាមពលរបស់យើង ភពផែនដីរបស់យើង” ដើម្បីស្វែងយល់ពីកិច្ចខិតខំប្រឹងប្រែងអភិរក្សជលផលទឹកសាប ក្រោមកម្មវិធី CAPFISH-Capture Programme ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប ដែលដឹកនាំដោយរដ្ឋបាលជលផល (FiA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងបេសកកម្មនេះមានការអញ្ជើញដឹកនាំនិងចូលរួមពី លោកជំទាវ អុឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្មទទួលបន្ទុកការងារព័ត៌មាននិងទំនាក់ទំនងសាធារណៈ, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោក Koen Everaert តំណាងអនុប្រធានសហប្រតិបត្តិប្រចាំសហភាពអឺរ៉ុប នៃកម្ពុជា, លោកស្រី Rebekah Bell ប្រធានអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) ប្រចាំនៅកម្ពុជា, អភិបាលរងខេត្ត , រដ្ឋបាលវិស័យជលផល , អាជ្ញាធរពាក់ព័ន្ធ , ពិសេសអ្នកសារព័ត៌មានដែលមកពី ១១ ស្ថាប័ន 

ដោយបង្ហាញពីកិច្ចសហការយ៉ាងរឹងមាំក្នុងស្ថាប័ន ។ 

បេសកម្មរយៈពេល ២ ថ្ងៃនេះ អ្នកសារព័ត៌មានបានទៅទស្សនាស្វែងយល់កាន់តែស៊ីជម្រៅពី សហគមន៍នេសាទស្រីចឹក និងកំពង់ប្រាក់ (CFis) និងកន្លែងបណ្តុះកូនឈើ បង្គោលព្រំ ប៉ុស្តិ៍ល្បាតបណ្តែតទឹក ដែលរៀបចំឡើងដើម្បីការពារជម្រកត្រីសំខាន់ៗជុំវិញបឹងទន្លេសាប ពិសេសដោយបានមើលឃើញផ្ទាល់នូវផលប៉ះពាល់នៃការគ្រប់គ្រងធនធានដែលដឹកនាំដោយសហគមន៍ ការស្តារប្រព័ន្ធអេកូឡូស៊ី និងការអនុវត្តការអភិរក្សប្រកបដោយនិរន្តរភាព។ 

ក្រុមអ្នកសារព័ត៌មានដែលជួយមកពី ១១ ស្ថាប័ន បានជួបនូវប្រភពជាក់ស្ដែងតាមរយៈការសម្ភាសន៍ និងវគ្គសំណួរចម្លើយជាមួយគណៈកម្មាធិការ និងមន្ត្រីក្នុងតំបន់ ប្រព័ន្ធផ្សព្វផ្សាយបានទទួលការយល់ដឹងដ៏មានតម្លៃអំពីរបៀបដែលការគ្រប់គ្រងជលផលតាមសហគមន៍កំពុងជួយការពារជីវចម្រុះ និងធានាការចិញ្ចឹមជីវិតរបបប្រជាពលរដ្ឋដែលប្រកបរបរនេសាទ។