បេក្ខជនចំនួន ១១ ៣៥៤នាក់ បានដាក់ពាក្យប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៥-២០២៦ 

  គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឱ្យដឹងថា គណៈកម្មាធិការប្រឡងថ្នាក់ជាតិនឹងរៀបចំការប្រឡងថ្នាក់ជាតិ ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ។ ការប្រឡងនេះនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងសំណេរចំនួនប្រាំទីតាំងផ្សេងៗគ្នា គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាល័យជា ស៊ីម សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី វិទ្យាល័យបាក់ទូក និងវិទ្យាល័យជា ស៊ីម សាមគ្គី។ ការប្រឡងថ្នាក់ជាតិចូលរៀននេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជ្រើសរើសនិស្សិតពូកែ មានសមត្ថភាពខ្ពស់ចូលរៀនក្នុងវិស័យសុខាភិបាល ដើម្បីរួមចំណែកផលិតធនធានមនុស្សក្នុងវិស័យ សុខាភិបាលប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់។ 

ឯកឧត្តម សុខ ផេង រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល  បានលើកឡើងថា៖ ការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិត បរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យ សុខាភិបាល ឆ្នាំសិក្សា២០២៥-២០២៦ មានបេក្ខជនចំនួន ១១ ៤១៨នាក់ បានដាក់ពាក្យចូលរួមប្រឡង តាមប្រព័ន្ធអនឡាញ។ ក្រោយពីបានពិនិត្យលើឯកសារពាក្យសុំរបស់បេក្ខជន គណៈកម្មាធិការប្រឡងថ្នាក់ ជាតិសម្រេចឱ្យបេក្ខជនចំនួន ១១ ៣៥៤នាក់ អាចមានសិទ្ធចូលរួមប្រឡងបាន។  

  

    ជាមួយគ្នានេះ គណៈកម្មការ និងអនុគណៈកម្មការនានាមានសរុបចំនួន ១ ៦៥៤នាក់ត្រូវបានចាត់តាំងឡើង ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលទាំងសាធារណៈ និងឯកជន ដើម្បីគ្រប់គ្រង និងដំណើរការប្រឡងសំណេរ កំណែ និងប្រកាសលទ្ធផល ។ ការប្រឡងនេះមានការចូលរួម សង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

សូមបញ្ជាក់ថា: មុនដំណើរការប្រឡង គណៈកម្មាធិការប្រឡងថ្នាក់ជាតិបានរៀបចំការប្រជុំចំនួន០២ថ្ងៃគឺថ្ងៃទី ៤ និងទី៥ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីណែនាំតួនាទីភារកិច្ចដល់គ្រប់គណៈកម្មការ និងអនុគណៈកម្មការនានា ឲ្យយល់ច្បាស់ និងយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។