បើកការដ្ឋានស្ថាបនាជា​ផ្លូវ​កៅស៊ូ ​និងបេតុង ផ្លូវ​ទៅ​តំបន់​អេកូទេសចរណ៍ជីផាត គ្រោងចំណាយ​ថវិកា ៥លាន​ដុល្លារ

ខេត្ត​កោះកុង ៖ ផ្លូវ​ទៅ​តំបន់អេកូ​ទេសចរណ៍ជីផាតក្នុងស្រុកថ្មបាំង ខេត្ត​កោះកុង បាន​ប្រកាស​​បើកការដ្ឋាន​សាងសង់​ជា​ផ្លូវ​កៅស៊ូ​និងបេតុង ដែល​គ្រោង​ចំណាយ​ថវិកាប្រមាណ ៥ លាន​ដុល្លារ ក្រោម​ក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP)។

ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​កៅស៊ូ និង​បេតុង​ទៅ​ជីផាតដែលជា​តំបន់អេកូ​ធម្មជាតិ​ដ៏ល្បីមួយ​នៅ​​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង បាន​ធ្វើ​ឡើង​​​កាលពី​ថ្ងៃ ១៨ ខែ​វិច្ឆិកា ក្រោម​​វត្តមាន ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និង​លោកជំទាវ​ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង។

ឯកឧត្តម សួស គង់ រដ្ឋលេខាធិការ និងជានាយកគម្រោង CSLEP បានថ្លែង​ថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា អនុវត្តដោយក្រសួងចំនួន ០២ គឺក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងបរិស្ថាន មានរយៈពេលអនុវត្ត ៨ ឆ្នាំ (ឆ្នាំ២០១៩ -២០២៧) ក្រោមហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា, មូលនិធិបរិស្ថានសកល និងធនាគារពិភពលោក។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានរំលេច​ពី​ការសាងសង់ផ្លូវទាំងពីរខ្សែនេះ ប្រៀបបាននឹងការបង្កើតនូវសរសៃឈាមសេដ្ឋកិច្ច និងជាផ្លូវដង្ហើមមួយទៀតនៅក្នុងវិស័យទេសចរណ៍ដែលត្រូវបានចាត់ទុកជា “មាសបៃតង” របស់កម្ពុជា។

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងការ​អបអរសារទរចំពោះប្រជាជនក្នុងមូលដ្ឋានចំពោះសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីបម្រើដល់សេចក្តីត្រូវការប្រចាំថ្ងៃ ជាពិសេស​ជួយ​សម្រួល​ដល់ការធ្វើដំណើរចូលក្នុងតំបន់អេកូទេសចរណ៍​ជីផាត។

ជាក់ស្ដែងពិធីបើកការដ្ឋានសាងសង់ផ្លូវទាំងពីរខ្សែប្រវែងសរុប ៣២,១០គ.ម នេះ មានតម្លៃប្រមាណជាង ៥ លានដុល្លារដែល​នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ១ ៣៩៣ គ្រួសារ ស្មើនឹង ៦ ១៤៥នាក់ រស់នៅក្នុងឃុំចំនួន ៤ គឺ ឃុំកណ្តោល ឃុំជីផាត ឃុំឬស្សីជ្រុំ និងឃុំជំនាប់ នៃស្រុកថ្មបាំង ខេត្តកោះកុង៕