បាតុករនៅទីក្រុង New Delhi ប្រទេសឥណ្ឌាចេញមកតវ៉ា ទាមទារឱ្យដោះស្រាយបញ្ហាបំពុលខ្យល់កាន់តែអាក្រក់ទៅៗ បើទោះបីជារដ្ឋធ្លាប់បានបង្កើតពពកសិប្បនិម្មិតក្តី
មនុស្សរាប់រយនាក់បានចេញមកធ្វើបាតុកម្មនៅទីក្រុងញូវដេលី ដោយទាមទារឱ្យអាជ្ញាធរចាត់វិធានការជាបន្ទាន់ប្រឆាំងនឹងកម្រិតគុណភាពខ្យល់កាន់តែអាក្រក់ទៅៗនៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌា។ ទីក្រុងនេះ គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានការបំពុលច្រើនបំផុតនៅលើពិភពលោក វាបានរងនូវការបំពុលដោយផ្សែងអ័ព្ទដែលមានកម្រិតគុណភាពខ្យល់មិនល្អខ្លាំងណាស់ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រុមបាតុករដែលរួមមានទាំងឪពុកម្តាយ និងសកម្មជនបរិស្ថាន បាននិយាយថា រដ្ឋាភិបាលត្រូវតែបញ្ចេញផែនការកំណត់ពេលវេលា ដើម្បីដោះស្រាយវិបត្តិបំពុលបរិយាកាសឲ្យបានឆាប់បំផុត។ ទីក្រុងញូវដេលី និងតំបន់ជុំវិញនានាដែលមានផ្សែងអ័ព្ទច្រើន និងជាទីជម្រករបស់ប្រជាជនជាង30លាននាក់រស់នៅ តែងតែជាប់ចំណាត់ថ្នាក់អាក្រក់បំផុតក្នុងចំណោមទីក្រុងដែលមានការបំពុលខ្លាំងបំផុតដែរនៅលើពិភពលោក។ យោងតាមរបាយការណ៍មួយពីមូលដ្ឋានទិន្នន័យត្រួតពិនិត្យគុណភាពខ្យល់ IQAir ដែលមានមូលដ្ឋាននៅប្រទេសស្វីសកាលពីដើមឆ្នាំនេះក៏បានឲ្យដឹងដែរថា៖ ប្រទេសឥណ្ឌាមានទីក្រុងចំនួន៦ក្នុងចំណោមទីក្រុងទាំង១០ដែលមានការបំពុលច្រើនជាងគេបំផុតនៅទូទាំងពិភពលោក ហើយទីក្រុងញូវដេលីគឺជារដ្ឋធានីដែលមានការបំពុលខ្លាំងបំផុតនៅរដូវរងា។ គុណភាពខ្យល់កាន់តែអាក្រក់ទៅៗនៅក្នុងទីក្រុងញូវដេលីជារៀងរាល់រដូវរងា ដោយសារកសិករភាគច្រើនដុតសំណល់ដំណាំនៅក្នុងរដ្ឋក្បែរៗទីក្រុង ញូវដេលីនោះ ហើយសីតុណ្ហភាពចុះត្រជាក់ វាបានធ្វើឱ្យមានផ្សែងហុយឡើង ដែលលាយឡំជាមួយនឹងការបំភាយឧស្ម័នពីយានយន្តនានារួមនឹងសង្វាក់ឧស្សាហកម្មដែរ។ កម្រិតបំពុលខ្យល់ជារឿយៗកើនឡើងដល់២០ដង គឺខ្ពស់ជាងដែនកំណត់សុវត្ថិភាពរបស់អង្គការសុខភាពពិភពលោក។ អាជ្ញាធរបានដាក់ចេញនូវការហាមឃាត់ការសាងសង់ រឹតត្បិតម៉ាស៊ីនភ្លើងម៉ាស៊ូត និងដាក់ពង្រាយម៉ាស៊ីនបាញ់ទឹក និងកាំភ្លើងបាញ់ផ្សែងអ័ព្ទជាដើមដើម្បីគ្រប់គ្រងអ័ព្ទក្រាស់ទាំងនោះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នករិះគន់និយាយថា៖ វាចាំបាច់ណាស់ត្រូវតែមានដំណោះស្រាយរយៈពេលវែងដើម្បីកាត់បន្ថយការបំពុលយ៉ាងខ្លាំង ជំនួសឱ្យមានសកម្មភាពក្នុងគោលបំណងជាក់លាស់កាត់បន្ថយផលប៉ះពាល់ទាំងនោះ បន្ទាប់ពីវាបានធ្វើឱ្យតំបន់នេះមានបញ្ហារួចទៅហើយ។ កាលពីខែមុន អាជ្ញាធរឥណ្ឌាបានធ្វើការពិសោធន៍បណ្តុះពពកសិប្បនិម្មិតនៅលើទីក្រុងញូវដេលី ដែលពោរពេញដោយផ្សែងអ័ព្ទ ក្នុងគោលបំណងបង្កឱ្យមានភ្លៀងធ្លាក់ និងសម្អាតខ្យល់ពុលរបស់ទីក្រុង។ ការបណ្តុះពពក គឺជាវិធីសាស្ត្រកែប្រែអាកាសធាតុដែលបញ្ចេញសារធាតុគីមីទៅក្នុងពពក ដើម្បីបង្កឱ្យមានភ្លៀង – ត្រូវបានប្រើប្រាស់នៅក្នុងតំបន់ដែលងាយនឹងរងគ្រោះរាំងស្ងួត ដូចជាភាគខាងលិចសហរដ្ឋអាមេរិក និងអារ៉ាប់រួម ប៉ុន្តែបើទោះបីជាអ្នកជំនាញនិយាយថា ប្រសិទ្ធភាពរបស់វានៅតែមិនប្រាកដប្រជាក៏ដោយ ប៉ុន្តែពួកគេត្រូវតែធ្វើវាដដែល៕
សម្រួលអត្ថបទ៖ សុផារិន្ទ



