បម្រែបម្រួលអាកាសធាតុបណ្តាលឲ្យមានព្យុះទីហ្វុងកំណាចៗនៅតំបន់អាស៊ី! ជាពិសេសបោកបក់លើវៀតណាម ហ្វីលីពីន!ហើយចុងក្រោយនេះគឺព្យុះទីហ្វុង Bualoi កំពុងធ្វើដំណើរទៅកាន់ ប្រទេសឡាវ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានរាយការណ៍ថា ស្ថានភាពភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ពីកម្លាំងព្យុះទីហ្វុង Bualoi បន្ទាប់ពីវាបានចុះខ្សោយទៅជាព្យុះត្រូពិច បន្សល់នូវទឹកជំនន់ តាមផ្លូវថ្នល់ បំប៉ើងដំបូលផ្ទះ និងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៩នាក់បានស្លាប់ភ្លាមៗនៅភាគកណ្តាលប្រទេសវៀតណាម មុនពេលកម្លាំងរបស់វាចុះខ្សោយទៅជាព្យុះត្រូពិក ដោយវាបានផ្លាស់ទីនៅថ្ងៃច័ន្ទនេះចូលទៅក្នុងប្រទេសឡាវវិញ។ ខ្យល់ព្យុះបានបោកបក់កាត់ប្រជាសហគមន៍ បំផ្លាញផ្ទះសម្បែង សាលារៀន និងបង្គោលភ្លើង បំផ្លាញស្ពានឆ្លងបណ្តោះអាសន្ន១ខ្សែ និងពន្លិចផ្លូវថ្នល់ និងផ្លូវទឹកទាបៗសម្រាប់ឆ្លងកាត់ខេត្តមួយចំនួនដែរ។ ទឹកជំនន់នៅក្នុងទីក្រុងបានធ្វើឱ្យពន្លិចរថយន្ត ហើយសហគមន៍ខ្ពង់រាបជាច្រើនក៏ត្រូវកាត់ផ្តាច់ដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នកនេសាទដែលបាត់ខ្លួនចំនួន ១៧នាក់ ខណៈក្រុមអ្នកព្យាករណ៍អាកាសធាតុនៅប្រទេសវៀតណាមបាននិយាយថា នៅម៉ោងប្រហែលជា១០កាលពីព្រឹកថ្ងៃចន្ទនោះ មជ្ឈមណ្ឌលបានបញ្ជាក់ថាព្យុះនេះបានបោកបក់លើដីក្បែរព្រំដែននៃខេត្ត Nghe An និងប្រទេសឡាវ ជាមួយនឹងខ្យល់បក់ក្នុងល្បឿន ៧៤ គីឡូម៉ែត្រក្នុងមួយម៉ោង។ ពួកគេបាននិយាយទៀតថា វានឹងបោកបក់ចូលកាន់តែជ្រៅទៅភាគកណ្តាលប្រទេសឡាវដែរ។ អាជ្ញាធរវៀតណាមបានបញ្ឈប់ទូកនេសាទ និងផ្អាកប្រតិបត្តិការនៅអាកាសយានដ្ឋានតាមឆ្នេរចំនួន៤ហើយដែរ។ ករណីស្លាប់មនុស្សចំនួន៦នាក់បានកើតឡើងនៅក្នុងខេត្ត Ninh Binh ដែលមានខ្យល់បក់ខ្លាំងរហូតផ្តួលរំលំផ្ទះសម្បែងផងដែរ។ យោងតាមរបាយការណ៍ បាននិយាយទៀតថា៖ មន្ត្រីក្នុងតំបន់ម្នាក់ដែលស្ថិតក្នុងខេត្ត Thanh Hoa លោក Nguyen Ngoc Hung បានស្លាប់ដោយសារដើមឈើរលំលើ ខណៈដែលគាត់ត្រលប់មកផ្ទះវិញបន្ទាប់ពីធ្វើការត្រៀមជាមួយនឹងកម្លាំងខ្យល់ព្យុះពេញមួយយប់។ រីឯមនុស្សម្នាក់ទៀតក៏បានស្លាប់ដែរបន្ទាប់ពីត្រូវបានជន់លិចដោយទឹកជំនន់នៅទីក្រុង Hue។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា គ្រួសារជាង ៣៤៧,000 បានបាត់បង់ថាមពលអគ្គិសនីប្រើប្រាស់មុនពេលព្យុះទីហ្វុងបានបោកបក់មកលើដីនៅពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យកន្លងទៅ។ វៀតណាមបានជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីខេត្តភាគកណ្តាល និងភាគខាងជើង ខណៈព្យុះនេះបានខិតកាន់តែជិតនិងលឿនជាងការរំពឹងទុក។ ក្រុមមន្ត្រីបាននិយាយថាព្យុះទីហ្វុង Bualoi បានបណ្តាលឱ្យមនុស្សស្លាប់សរុប២០នាក់នៅក្នុងប្រទេសហ្វីលីពីន ចាប់តាំងពីថ្ងៃសុក្រមក ដែលភាគច្រើនដោយសារលង់ទឹក និងដើមឈើរលំលើ ហើយបានផ្តាច់ចរន្តអគ្គិសនីនៅក្នុងទីក្រុង និងទីក្រុងមួយចំនួនដែរ។ វាបានបង្ខំឱ្យគ្រួសារប្រហែលជា២៣000នាក់ ត្រូវជម្លៀសទៅកាន់កន្លែងសង្គ្រោះបន្ទាន់ជាង ១៤00កន្លែង ។ ព្យុះនេះគឺជាព្យុះធំទីពីរដែលគំរាមកំហែងក្នុងតំបន់អាស៊ីក្នុងរយៈពេលមួយសប្តាហ៍នេះ។ សប្តាហ៍មុនព្យុះទីហ្វុង Ragasa ដែលជាព្យុះដ៏ខ្លាំងបំផុតមួយដែរ ក៏បានបង្ហាញខ្លួននិងបានវាយលុកក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះដែរ វាបានធ្វើឱ្យមនុស្ស២៨នាក់ស្លាប់នៅភាគខាងជើងប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់ មុនពេលដែលបោកបក់មកលើប្រទេសចិន និងបានបក់បោកមកលើប្រទេសវៀតណាមដូចគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ យោងតាមអ្នកជំនាញបានឱ្យដឹងថា ការឡើងកំដៅផែនដីកំពុងធ្វើឱ្យព្យុះកំណាចនានាដូចជាព្យុះក្នុងខែកក្កដា Wipha មានកម្លាំងខ្លាំងវាយលុកនៅទូទាំងតំបន់អាស៊ីបូព៌ាថែមទៀតផង៕

សម្រួលអត្ថបទ៖ សុផារិន្ទ