បណ្តាមេដឹកនាំសន្យា ពួតដៃគ្នា កសាងសន្តិភាព នៅក្នុងវេទិកាកម្រិតខ្ពស់ នៃប្រព័ន្ធផ្សព្វផ្សាយ និងធនាគារខួរក្បាល ពិភពលោកខាងត្បូង

គុនមីញ យូនណាន់៖
ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន ចូលរួមវេទិកាកម្រិតខ្ពស់ នៃប្រព័ន្ធផ្សព្វផ្សាយ និងធនាគារខួរក្បាល ពិភពលោកខាងត្បូង ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តយូនណាន់ ប្រទេសចិន។

វេទិកានេះបានដើរតួនាទីយ៉ាងសំខាន់ ដែលប្រមូលផ្តុំអ្នកដឹកនាំ អ្នកសារព័ត៌មាន អ្នកវិភាគនយោបាយ និងអ្នកស្រាវជ្រាវពីបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោកខាងត្បូង ជាង២០០ស្ថាបន័ និងជាង១០០ ប្រទេសរួមមាន៖ អាស៊ី អាហ្រ្វិក អាមេរិកឡាទីន និងអូសេអានី។

គោលបំណងចម្បង នៃវេទិកាគឺដើម្បីពង្រឹងការសហការ និងការផ្លាស់ប្តូរជំនឿទុកចិត្តក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍។ ពិធីការនេះនឹងផ្តោតសំខាន់លើការពិភាក្សាជុំវិញបញ្ហាប្រឈមធំៗ និងឱកាសរបស់ពិភពលោក ដូចជា៖

· ការអភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិភាព
· ការស្តារសេដ្ឋកិច្ច
· ការគ្រប់គ្រងព័ត៌មានក្លែងក្លាយ
· ការកសាងសមត្ថភាពសារព័ត៌មាន ដោយផ្សារភ្ជាប់ជាមួយ បញ្ញាសប្បនិម្មិត ជាដើមល។ល។

ខេត្តយូនណាន់ត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះដោយសារតែទីតាំងភូមិសាស្ត្រសមស្របរបស់ខ្លួន ដែលជាច្រកចូលសំខាន់ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងភាពសម្បូរបែបនៃវប្បធម៌ និងជាតិសាសន៍។ ការប្រារព្ធពិធីនៅទីនេះគឺដើម្បីពង្រីកទំនាក់ទំនង និងការយល់ដឹងរវាងប្រទេសចិន និងប្រទេសដទៃទៀតក្នុងពិភពលោកខាងត្បូង។

វេទិកានេះរំពឹងថានឹងផ្តល់នូវផែនការអនាគត និងអនុសាសន៍ជាក់លាក់ដើម្បីជំរុញឲ្យមានការសន្ទនា និងកិច្ចសហការ ស្មើភាពគ្នាក្នុងវិស័យព័ត៌មាន និងនយោបាយអន្តរជាតិ។