បណ្ឌិត ម៉ម ចាន់សៀន នាយកសាលាក្រោយបរិញ្ញាបត្រនៃវិទ្យាស្ថានជាតិអប់រំ ធ្វើបទបង្ហាញពី «សុក្រឹត្យបច្ចេកទេសបង្រៀនកម្រិតឧត្តមសិក្សា» ដល់មន្រ្តីរាជការ សាស្រ្តាចារ្យ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

រសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បណ្ឌិត ម៉ម ចាន់សៀន នាយកសាលាក្រោយបរិញ្ញាបត្រ នៃវិទ្យាស្ថានជាតិអប់រំ បានធ្វើបទបង្ហាញសិក្សាជ្រាលជ្រៅ ស្តីពី «សុក្រឹត្យបច្ចេកទេសបង្រៀនកម្រិតឧត្តមសិក្សា» ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្រ្តីរាជការ» និង «សុក្រឹត្យការគរុកោសល្យ និងវិធីសាស្រ្តបង្រៀន» ដែលរៀបចំឡើងដោយពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នឹងមានការចូលរួមពីសមណនិស្សិត និស្សិត និងមន្រ្តីរាជការជាច្រើនរូប។

ក្នុងបទបង្ហាញនោះ បណ្ឌិត ម៉ម ចាន់សៀន បានផ្តោតលើការបកស្រាយអំពីសារៈសំខាន់នៃសុក្រឹត្យបច្ចេកទេសបង្រៀនកម្រិតឧត្តមសិក្សា ដែលជាគោលដៅសំខាន់មួយសម្រាប់លើកកម្ពស់គុណភាពអប់រំ ការអភិវឌ្ឍសមត្ថភាពបង្រៀន និងការបង្កើនប្រសិទ្ធភាពនៃដំណើរការបង្រៀនឱ្យស្របតាមបរិបទសង្គម និងការអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ លោកបណ្ឌិតបានលើកបង្ហាញអំពីវិធីសាស្រ្តបង្រៀនក្នុងចំណេះទូទៅ ដោយភ្ជាប់ជាមួយទ្រឹស្តីនៃការរៀនសំខាន់ៗ ដែលរួមមាន (១)មនុស្សនិយម ដែលផ្តោតលើសក្ដានុពល និងការអភិវឌ្ឍផ្ទាល់ខ្លួនរបស់អ្នករៀន (២)ពុទ្ធិបញ្ញានិយម ដែលផ្តោតលើដំណើរការគិត ការយល់ដឹង និងការសម្របសម្រួលចំណេះដឹងថ្មី (៣)អាកប្បកិរិយានិយម ដែលផ្តោតលើការផ្លាស់ប្តូរអាកប្បកិរិយាតាមរយៈការបណ្តុះបណ្តាល និងការលើកទឹកចិត្ត (៤)ស្ថាបនានិយម ដែលលើកស្ទួយឱ្យអ្នករៀនស្ថាបនាចំណេះដឹងដោយខ្លួនឯងតាមបទពិសោធន៍ និង(៥)ភ្ជាប់និយម ដែលផ្តោតលើការរៀនតាមបណ្តាញចំណេះដឹង និងបច្ចេកវិទ្យាព័ត៌មាន។

បន្ថែមពីនេះ លោកបណ្ឌិតក៏បានណែនាំអំពីវិធីសាស្រ្តបង្រៀនសម័យថ្មី ដែលកំពុងពេញនិយម និងត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅកម្រិតឧត្តមសិក្សា ដូចជា វិធីបង្រៀនតាមលំនាំវិធីវិទ្យាសាស្រ្ត ដែលលើកស្ទួយការសង្កេត ការសួរសំណួរ និងការសាកល្បង វិធីបង្រៀនតាមបែបរិះរក ដែលជំរុញការស្វែងរកចម្លើយដោយខ្លួនឯង វិធីបង្រៀនតាមគំរូ ៥-E ដែលផ្តោតលើការចូលរួមដ៏សកម្មរបស់អ្នករៀន វិធីបង្រៀនបែបដោះស្រាយបញ្ហា វិធីបង្រៀនបែបគម្រោង ដែលភ្ជាប់ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង និងវិធីបង្រៀនបែបអប់រំស្ទែម (STEM) ដែលរួមបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

ជាមួយគ្នានេះផងដែរ លោកបណ្ឌិត ម៉ម ចាន់សៀន បានលើកបង្ហាញយ៉ាងច្បាស់អំពីបច្ចេកទេសទាក់ទងនឹងការបង្រៀន ដោយបែងចែកជាលំដាប់ច្បាស់លាស់ រួមមាន គោលវិធីក្នុងការបង្រៀន ដែលជាគោលការណ៍ទូទៅ វិធីសាស្រ្តបង្រៀន ដែលជាក្របខណ្ឌធំ វិធីបង្រៀន ដែលជារបៀបអនុវត្តជាក់ស្តែង យុទ្ធវិធីបង្រៀន ដែលជាការរៀបចំផែនការបង្រៀន តិចនិចបង្រៀន ដែលជាវិធីប្រើប្រាស់ឧបករណ៍ និងសកម្មភាព និងវិធីសាស្រ្តបង្រៀន ដែលជាចំណុចបន្ថែមដើម្បីធ្វើឱ្យមេរៀនមានភាពទាក់ទាញ និងមានប្រសិទ្ធភាពខ្ពស់។