បញ្ជាការដ្ឋានកាំភ្លើងធំខេត្តកំពង់ឆ្នាំង ប្រចាំការសមរភូមិមុខទីបញ្ជាការស្រាល កងពលធំអន្តរាគមន៍លេខ៣ទិសខេត្តព្រះវិហារ ទទួលបានអំណោយពីក្រុមហ៊ុនប៊ីប៊ីឃ្វីនប្រេន(BB Queen Brand)និង សប្បុរសជន….

ក្នុងឱកាសសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ ខេត្តកំពង់ឆ្នាំង ប្រចាំការសមរភូមិមុខទីបញ្ជាការស្រាល កងពលធំអន្តរាគមន៍លេខ៣ ស្ថិតនៅភូមិសាស្ត្រទិសខេត្តព្រះវិហារ ។ លោក មាន រដ្ឋា និងលោកស្រី ហៅថា ពូចិន អ៉ីតី អគ្គនាយកក្រុមហ៊ុនប៊ីប៊ីឃ្វីនប្រេន (BB Queen Brand ) និងសប្បុរសជននានា បាននាំយកអំណោយជាកាហ្វេ និងថវិកា ជូនដល់កងកម្លាំងឈរជើងស្ថិតនៅព្រំដែន ខេត្តព្រះវិហារ ។ អគ្គនាយកក្រុមហ៊ុន ក៏បានថ្លែងនូវការគោរពដឹងគុណ និងកោតស្ញប់ស្ញែងដល់បងប្អូនកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនទាំងអស់ នូវចំពោះគំរូវីរភាព ទឹកចិត្តស្នេហាជាតិ និងស្មារតីលះបង់របស់កងទ័ពប្រកបដោយឆន្ទៈមោះមុតបំផុត ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ការពារជាតិមាតុភូមិ និងប្រជាជន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ សុខា បានថ្លែងអំណរគុណដល់ អគ្គនាយកក្រុមហ៊ុន ប៊ីប៊ីឃ្វីនប្រេន និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភជាថវិកា គ្រឿងឧបភោគ ជូនដល់កងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន ដែលបានបង្ហាញពីការចូលរួមចំណែកយកចិត្តទុកដាក់ និងចំពោះសុខទុក្ខរបស់កងកម្លាំងការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកជូនថា ដោយសារតែមានហេតុការណ៍កេីតឡេីងរវាងការឈ្លានពាន វាយឆ្មក់របស់ទាហានប្រទេសថៃ មកលេីកងទ័ពកម្ពុជា ដែលធ្វេីអោយទាហានខ្មែរម្នាក់បានពលី គឺលោកព្រិន្ទបាលឯក សួន រ៉ោន កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។

នៅក្នុងឱកាសនោះ ពូចិន និងអ៉ីតី បានធ្វេីការផ្តល់ជូននូវអំណោយជាថវិកាមួយចំនួន និងកាហ្វេ៣០កេះធំ ដល់មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ ខេត្តកំពង់ឆ្នាំង ប្រចាំការសមរភូមិមុខទីបញ្ជាការស្រាល កងពលធំអន្តរាគមន៍លេខ៣នៅភូមិសាស្ត្រទិសខេត្តព្រះវិហារសម្រាប់តម្រូវការផងដែរ៕
រូបភាពនិងអត្ថបទ សន សីហា